សម្ដេចតេជោ ហ៊ុន សែន ៖ ទំនាក់ទំនងកម្ពុជា-ចិន គឺកើតឡើងដោយសារគោរពគ្នាទៅវិញទៅមក
(ភ្នំពេញ)៖ ទំនាក់ទំនងកម្ពុជា-ចិន គឺកើតឡើងដោយសារគោរពគ្នាទៅវិញទៅមក បើទោះជាកម្ពុជាជាប្រទេសតូច ក៏ប៉ុន្ដែមិត្ដចិនតែងតែផ្ដល់តម្លៃ និងគោរពចំពោះកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបថា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សកិច្ច លោកវ៉ាង ហ្សីមីន (Wang Zhimin) អនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននាពេលនេះ ជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនង ទ្វេរភាគីកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងរីកចម្រើន ទាំងក្នុងក្រមខណ្ឌរាជរដ្ឋាភិបាល និងក្រមខណ្ឌស្ថាប័ននីតីបញ្ញត្ដិ នៃប្រទេសទាំងពីរ ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) បានសម្ដែងនូវក្ដីរីករាយដែលសម្ដេចបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសមនាពេលនេះ ។

ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) បានរំលេចពីទំនាក់ទំនងដែលមានយូរអង្វែងមកហើយ ជាមួយកម្ពុជា ដែលកម្ពុជា ជាមិត្ដដែកថែបដ៏រឹងមាំជាមួយគ្នា ជាសហគមវាសនារួមគ្នាគ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលបានបំពេញឱ្យគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរឡើងជាបន្ដបន្ទាប់ ។ ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) ក៏បាននាំមកនូវសារផ្ដាំសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំចិន ដល់សម្ដេចតេជោ ផងដែរ ហើយចិន ក៏បានត្រៀមខ្លួនក្នុងសហការធ្វើការងារជាមួយកម្ពុជា ដើម្បីលើកកម្ពស់ ភាពជាដៃគូរគ្រប់យុទ្ធសាស្រ្ដរវាងគ្នាឱ្យកាន់តែរឹងមាំ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចការរក្សាបាននូវទំនាក់ទំនងយ៉ាងល្អ ដែលមានតាំងពីអតីតកាលមកម្លេះ ដែលទំនាក់ទំនងនេះ បន្ដមកដល់បច្ចុប្បន្ន កាន់តែរីកចម្រើនខ្លាំងឡើង ។ សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ពីទំនាក់ទំនងប្រទេសទាំងពីរ តាមរយ:សហគមនវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដោយគ្រប់រដូវកាល ឬស្ថានភាពបែបណានោះទេ គឺកម្ពុជា-ចិន នៅតែសហការគ្នា រឹងមាំជាមួយគ្នា និងជាមិត្ដភាពដែកថែបយូរអង្វែងជាប្រពៃណី។ សម្ដេចតេជោ បន្ថែមថា អ្វីដែលជាការកត់សម្គាល់ គឺការរុញនូវការធ្វើសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកាន់តែរីកចម្រើនទៅមុខ កត្ដាទាំងអស់នេះ គឺជាផ្នែក ដែលញ៉ាំងឱ្យទំនាក់ទំនងនយោបាយដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរ ។
ក្នុងឱកាសនេះ ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) បានរំលេចពីភាពជាដៃគូយុទ្ធសាស្ដ្រ សហគមវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី មកដល់ពេលនេះ ទាំងទំនាក់ទំនងលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលចាប់តាំងពីរួមគ្នាក្នុងសហគមវាសនារួម មក ពាណិជ្ជកម្ម មានការកើនឡើងជាងមុន ៤ដងឯណោះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
