គ្រាប់បែកអ៊ីស្រាអែលផ្លោង នៅពីក្រោយខ្នងពិធីករអានព័ត៌មានស៊ីរី កំពុងផ្សាយផ្ទាល់
បរទេស ៖ រូបភាពគ្រាប់បែក ស្តែងៗ របស់អ៊ីស្រាអែល បានផ្លោងចំអគារនៅអគារ ខាងក្រោយ ស្ទូឌីយោ របស់ទូរទស្សន៍មួយ នៅក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរី ស្របពេលដែលពិធីករអានព័ត៌មាន កំពុងធ្វើការរាយការណ៍ព័ត៌មាន ផ្សាយផ្ទាល់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ទីភ្នាក់ងារព័ត៌មាន CNN បានចេញផ្សាយថា កាលពីថ្ងៃពុធ មានការវាយប្រហារតាមអាកាស លើទីក្រុង Damascus សំដៅទៅលើអគាររដ្ឋាភិបាល ជាច្រើន នៅក្នុងរដ្ឋធានី របស់ស៊ីរី មួយនេះ។ ក្នុងនោះ វីដេអូមួយបានបង្ហាញពីទិដ្ឋភាព នៃការផ្សាយរបស់កម្មវិធីទូរទស្សន៍ ចំពេលដែលអគារក្រសួងការពារជាតិ ត្រូវបានវាយប្រហារពីលើអាកាស បង្ខំចិត្តឲ្យពិធីការិនីអានព័ត៌មានម្នាក់ ត្រូវអោនចុះ ភ្លាមៗ រកកន្លែងសុវត្ថិភាព និង បិទបញ្ចប់កម្មវិធីផ្សាយផ្ទាល់ បន្ទាន់។
ទីភ្នាក់ងារព័ត៌មាន Indiatoday បានចេញផ្សាយថា វីដេអូឃ្លីប នេះ ត្រូវបានចែករំលែក ដោយរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Israel Katz ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក លើទីស្នាក់ការ របស់ក្រសួងការពារជាតិ និង អគ្គសេនាធិការ របស់ប្រទេសស៊ីរី។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដ៏ខ្លាំងក្លា ជាបន្តបន្ទាប់ ទៅលើរដ្ឋធានី Damascus របស់ប្រទេសស៊ីរី កាលពីថ្ងៃពុធ ដោយយកលេសថា ជាយុទ្ធនាការគាំទ្រដល់ប្រជាជន Druze ដែលជាក្រុមជនជាតិភាគតិចអារ៉ាប់ ដែលជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវ ជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី៕
ប្រភពពី CNN, ប្រែសម្រួល ៖ សារ៉ាត
