មន្ត្រី​រាជការ​ចំនួន ៣៧៥នាក់ បានបញ្ចប់វគ្គសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ”

(ខេត្តកំពត)៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានអញ្ជើញជាអធិបតី បិទសិក្ខាសាលាទូទាំងប្រទេសស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោក លោកស្រី ជាវាគ្មិន និងសិក្ខាកាមជាមន្ដ្រីរាជការក្រសួង និងមកពីបណ្តាមន្ទីរ ប.ទ.ខេត្តទាំង២៤ នៅខេត្តកំពត ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ៖ (១) ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត សិក្ខាសាលានេះ ក៏មានការអនុវត្តកិច្ចពិភាក្សាក្រុមដើម្បីដឹងពីបញ្ហាប្រឈមរបស់អង្គភាពនិងដំណោះស្រាយពីមន្រ្តីជំនាញជាវាគ្មិនផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំសិក្ខាសាលា វាគ្មិនទាំងអស់ ដែលអញ្ជើញមកពីអង្គភាពក្រោមឱវាទក្រសួង ដែលបានចំណាយពេលវេលា ក្នុងការចែករំលែកចំណេះដឹង ឧត្តមានុវត្តន៍ និងបទពិសោធថ្មីជូនដល់សិក្ខាកាមក្នុងសិក្ខាសាលា ព្រមទាំងក្រុមការងារសម្របសម្រួល និងសហការីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំកម្មវិធីសិក្ខាសាលានេះឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីរៈ និងយកចិត្តទុកដាក់គ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។ បន្ថែមពីនេះទៀត សិក្ខាកាមទាំងអស់ត្រូវខិតខំបន្តទៀតក្នុងការអនុវត្តនិងថែរក្សាសមិទ្ធផលជាច្រើនដែល ក.ប.ទ. សម្រេចបានកន្លងមក ដែលទាំងអស់នេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះគាំទ្រដល់ដំណើរកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយធ្វើយ៉ាងណាឱ្យផែនការសកម្មភាព និងទិសដៅការងារដែល ក.ប.ទ. បានដាក់ចេញ អាចសម្រេចបានជោគជ័យ និងទទួលបាននូវលទ្ធផលផ្លែផ្កាហើយក្លាយជាគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមឌីជីថលរស់រវើក ស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឈានទៅសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ’’ សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បានរៀបចំ ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើនៅ ៤តំបន់ ដូចខាងក្រោម ៖
-ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ៩១ នាក់
-ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ៧៧ នាក់
-ខេត្តរតនគិរី៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ៨០ នាក់
-ខេត្ដកំពត៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ១២៥ នាក់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner