រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំពិនិត្យផែនការអភិវឌ្ឍទេសចរណ៍
ពោធិ៍សាត់៖មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃ១៨ ខែកក្កដា បានរៀបចំកិច្ចប្រជុំស្ដីពីការវាយតម្លៃ បូកសរុបលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍ ទេសចរណ៍នៅឆ្នាំ២០២១-២០២៥ និងបន្តរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ២០២៦-២០៣០ ក្រោមអធិបតីភាពលោក សាយ សុជាតិ អភិបាលរងខេត្ត ។
ក្នុងកិច្ចប្រជុំលោក មីលីយ៉ា សុវត្ថធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានធ្វើរបាយការណ៍វឌ្ឍនភាព អំពីសមិទ្ធផល ការអនុវត្តផែនការទេសចរណ៍ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ព្រមទាំងមានបទបង្ហាញអំពីផែនការសកម្មភាព ឆ្នាំ២០២១-២០២៥, លទ្ធផលនៃការវាយតម្លៃពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២៣, ការវាយតម្លៃបូកសរុបលទ្ធផល នៃការអនុវត្ត ផែនការ២០២១-២០២៥, ការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ២០២៦-២០៣០ និងមានសំណូមពរជាធាតុ ចូលមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំលោក សាយ សុជាតិ អភិបាលរងខេត្តមានប្រសាសន៍ថា គណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធាន និងមានមន្ទីរទេសចរណ៍ជាសេនាធិការ បានបង្កើតក្រុមការងារសម្រាប់ទទួលខុសត្រូវ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសការប្រើប្រាស់ឱ្យអស់លទ្ធភាព នៃយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ថ្នាក់ក្រោមជាតិ។
លោកបានកោតសរសើរដល់មន្ទីរទេសចរណ៍ខេត្ត ដែលខិតខំប្រឹងប្រែង ទទួលបានលទ្ធផលល្អ មានការចាប់អារម្មណ៍ ជាបន្តបន្ទាប់ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។លោកបន្តថា ឆ្នាំ២០២៦-២០៣០ ត្រូវអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត ពង្រឹងគុណភាពសេវាកម្ម ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ឱ្យបានទូលំទូលាយ។ លោកបានស្នើដល់បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជាអង្គការដៃគូរទាំងអស់ បន្តចូលរួមជាមួយគ្នាតទៅទៀត ក្នុងការកសាងផែនការអភិវឌ្ឍក្ដី ក៏ដូចជាការអនុវត្តជាក់ស្ដែង ធ្វើយ៉ាងណាអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ៕
ដោយ៖ចេង ពុំ