លោក Trump ប្តឹងសារព័ត៌មាន ទារលុយ១០ពាន់លានដុល្លារ
បរទេស ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសប្តឹង ទារលុយសំណងជំងឺចិត្ត ចំនួន១០ពាន់លានដុល្លារ ពីមហាសេដ្ឋីសារព័ត៌មាន លោក Rupert Murdoch និង ទីភ្នាក់ងារព័ត៌មាន The Wall Street Journal។
យោងតាមពាក្យបណ្ដឹង «បរិហារកេរ្តិ៍» ដែលដាក់នៅតុលាការសហព័ន្ធ ក្នុងទីក្រុង Miami បានបង្ហាញពីខ្លឹមសារ ដែលប្រធានាធិបតីអាមេរិក Donald Trump ព្យាយាមវាយបកវិញ ចំពោះរឿងអាស្រូវ ដែលគំរាមកំហែង បង្កការខូចខាតផ្នែកនយោបាយ យ៉ាងធ្ងន់ធ្ងរ សម្រាប់រូបលោក។
ពាក្យបណ្តឹងនេះ ត្រូវបានដាក់ បន្ទាប់ពីកាសែត The Wall Street Journal បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា លោក Trump ក្នុងឆ្នាំ២០០៣ ធ្លាប់បានសរសេរសំបុត្រ អបអរខួបកំណើតមួយ ទៅឲ្យឈ្មោះ Jeffrey Epstein ដែលជាជនត្រូវបានចោទប្រកាន់ពីការជួញដូរផ្លូវភេទ ហើយលិខិតនោះ រំលេចរូបស្ត្រី អាក្រាតកាយ និងពាក្យពេជ្រសម្ងាត់មួយចំនួន តែ បុគ្គលរូបនេះបានស្លាប់ ក្នុងឆ្នាំ២០១៩ អំឡុងការឃុំខ្លួន។
លោកប្រធានាធិបតី Donald Trump បានថ្លែងចាត់ទុក លិខិត ដែលត្រូវបានអះអាងឡើងនោះ ថា ជាការបោកប្រាស់ និង ជាលិខិត «ក្លែងក្លាយ»។
គួរកត់សម្គាល់ថា លោក Rupert Murdoch គឺជាម្ចាស់ក្រុមហ៊ុន News Corp ដែលជាក្រុមហ៊ុនមេរបស់ Wall Street Journal និងក្រុមហ៊ុនបណ្តាញសារព័ត៌មានអន្តរជាតិ ជាច្រើនទៀត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត