កម្លាំងមន្ទីរបរិស្ថាខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងរុករករ៉ែមាសខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ១០នាក់ និងរឹបអូសវត្ថុតាង សម្ភារប្រព្រឹត្តបទល្មើសបានជាច្រើន !
(ខេត្តស្ទឹងត្រែង)៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានរួមសហការរួមគ្នាជាមួយ កម្លាំងសហគមន៍តំបន់ការពារធម្មជាតិអូរចាយ និងកម្លាំងសហគមន៍តំបន់ការពារធម្មជាតិអូរកាពីន ចុះល្បាត និងបង្ក្រាបទីតាំងរុករករ៉ែមាស ឃាត់ខ្លួនមនុស្ស ១០នាក់ ដកហូតឧបករណ៍ សម្ភារ រួមទាំងមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ខុសច្បាប់ នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើងអស់រយៈពេលជាច្រើនថ្ងៃ នាដើមខែកក្កដា ២០២៥មកនេះ ខណៈប្រទះឃើញសកម្មភាពបទល្មើសជាក់ស្តែង នៅចំណុចភ្នំ-អូរកាពីន ក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងភូមិសាស្រ្ត ភូមិគីរីវង្សាក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ប្រធានការិយាល័យឧទ្យានជាតិវើនសៃ-សៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស៊ឹម ប៉ូលីន បានប្រាប់អ្នកសារព័ត៌មានឱ្យដឹង នៅថ្ងៃនេះថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងរុករករ៉ែមាស នៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលគ្រប់គ្រងដោយមន្ត្រីឧទ្យានជាតិ នៅពេលនោះ កម្លាំងសហការបានឃាត់ខ្លួនជនសង្ស័យ ១០នាក់ ក្នុងនោះ ២នាក់ ត្រូវបានដោះលែងទៅវិញ រីឯ ៨នាក់ទៀត ត្រូវបាននាំមកកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ហើយតុលាការកាលពីថ្ងៃទី១១កក្កដា២០២៥ កន្លងទៅថ្មីៗនេះ ក៏បានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៨នាក់នោះ នៅក្នុងពន្ធធនាគារខេត្តស្ទឹងត្រែង រួចហើយដែរ។
លោក ស៊ឹម ប៉ូលីន បានបន្តថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងសហការបានចុះល្បាត សិក្សា ស្រាវជ្រាវ តាមដានទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយក៏បានប្រទះឃើញ ជនសង្ស័យ ៣នាក់ កំពុងធ្វើសកម្មភាពរុករករ៉ែមាសល្មើសច្បាប់ និងបន្ទាប់មកក៏ឃើញជនសង្ស័យ ៧នាក់ទៀត បានដើរចេញពីជម្រកស្នាក់នៅក្បែរនោះ ដែលជាកម្មរ៉ែមាស ហើយក្រុមការងារក៏បានរកឃើញជម្រកស្នាក់នៅប្រក់តង់ ២កន្លែង ម៉ាស៊ីនម៉ាស៊ូត ៤គ្រឿង ឧបករណ៍សម្ភារធ្វើសកម្មភាពរុករករ៉ែមាសមួយចំនួនទៀត និងបានឃាត់ខ្លួនជនសង្ស័យទាំង ១០នាក់ នាំមកសាកសួរបន្ថែមនៅមន្ទីរបរិស្ថានខេត្ត ក្រោមការអនុញ្ញាតពី លោក នាង គឹមលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាសាលាដំបូងខេត្តស្ទឹងត្រែង។
បុរសសង្ស័យដែលប្រព្រឹត្តការរុករករ៉ែមាស ដោយគ្មានការអនុញ្ញាត ដែលត្រូវបានឃាត់ខ្លួនទាំង ១០នាក់ នៅពេលនោះ រួមមាន៖ ១-សន ហុំ អាយុ ៣៧ឆ្នាំ រស់នៅស្រុកគិរីវង្ស ខេត្តតាកែវ ,២-ផាន ចន្ថាត អាយុ ២៧ឆ្នាំ រស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ,៣-សុខ តឿ អាយុ ៤៩ឆ្នាំ រស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ,៤-កែវ នឿន អាយុ ៣១ឆ្នាំ រស់នៅស្រុករវៀង ខេត្តព្រះវិហារ ,៥-ហឹម ស៊ីឡាយ អាយុ ៣២ឆ្នាំ រស់នៅស្រុករវៀង ខេត្តព្រះវិហារ ,៦-ឃ្លី វី អាយុ ២០ឆ្នាំ រស់នៅស្រុកសំបូរ ខេត្តក្រចេះ ,៧- ឃ្លី អុច អាយុ ២២ឆ្នាំ រស់នៅស្រុកសំបូរ ខេត្តក្រចេះ ,៨- ឃ្នី ភ័ស អាយុ ១៧ឆ្នាំ រស់នៅស្រុកសំបូរ ខេត្តក្រចេះ ,៩- ខានី លាស់ អាយុ ១៣ឆ្នាំ រស់នៅស្រុកសំបូរ ខេត្តក្រចេះ និង ១០-ឈ្មោះ វៀន ត្រី អាយុ ១២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិសាប ឃុំស្រែជីក ស្រុកសំបូរ ខេត្តក្រចេះ។
ចំណែក វត្ថុតាងដែលរឹបអូសបាន រួមមាន៖ ម៉ាស៊ីនម៉ាក់យ៉ាដុង ២២សេស ២គ្រឿង ,ម៉ាស៊ីនម៉ាក់យ៉ាដុង ៣៥សេស ១គ្រឿង ,ម៉ាស៊ីនម៉ាក់យ៉ាដុង ៣៨សេស ១គ្រឿង ,ក្បាលបូម២ ,គូថខ្យង២ ,ទុយយោក្រណាត់ ២ដុំ ប្រវែង ៥០ម៉ែត្រ ,ទុយយោបាញ់ដី ៣ដុំ ប្រវែង ២០ម៉ែត្រ ,ទុយយោរឹងធំ ២ដុំ ប្រវែង ២០ម៉ែត្រ ,សូឡាផ្ទាំងធំ ១ផ្ទាំង ,រណាយន្តតូច ១គ្រឿង ,ម៉ូទ័របូម១ ,ឧបករណ៍សម្រាប់រ៉ែងមាស(ឆាងម៉ាង)០៤ ,ម៉ូតូម៉ាក់វេវ ៤គ្រឿង (ពណ៌ខ្មៅ២ ពណ៌១ និងពណ៌ទឹកសមុទ្រ១) សុទ្ធតែគ្មានស្លាកលេខ។
ក្រោយការបង្ក្រាប ជនសង្ស័យទាំង ១០នាក់ រួមទាំងវត្ថុតាងបទល្មើស និងមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើស ត្រូវបានបញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីបន្តការសាកសួរ និងរក្សាទុក។ ក្រោយការសាកសួរ មន្ត្រីជំនាញបានដោះលែងកុមារា ២នាក់ គឺ ១-ឈ្មោះ ខានី លាស់ អាយុ ១៣ឆ្នាំ និង ២-ឈ្មោះ រៀន ត្រី អាយុ ១២ឆ្នាំ រស់នៅភូមិសាប ឃុំស្រែជីក ស្រុកសំបូរ ខេត្តក្រចេះ ក្រោយរកឃើញមូលហេតុដែលពួកគេទាំងពីរមិនមែនជាអ្នកប្រព្រឹត្តបទល្មើសនោះទេ គ្រាន់តែមកលេងតាមបងប្អូនតែប៉ុណ្ណោះ ៕
ដោយ ៖ ឡុង សំបូរ

















