Breaking News! ផ្ទុះឆេះនាវាទេសចរណ៍ដឹកអ្នកដំណើរ ២៨០នាក់ បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់
ហ្សាកាតា ៖ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និងប្រហែល ១៥០នាក់ផ្សេងទៀតជួយសង្គ្រោះទាន់ពេល បន្ទាប់ពីនាវាទេសចរណ៍មួយគ្រឿង ផ្ទុកអ្នកដំណើរប្រហែល ២៨០នាក់
បានផ្ទុះឆេះនៅក្នុងដែនទឹកនៃខេត្ត Sulawesi ខាងជើងរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ។
នាវាមានឈ្មោះថា KM III Barcelona នេះ បានផ្ទុះនឹងបង្កការឆាបឆេះនៅ ម៉ោង ប្រហែល ១រសៀលថ្ងៃទី២០ ខែកក្កដា នៅជិតកោះ Talise ខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី នៅពេលកំពុងធ្វើដំណើរពីកោះ Talaud ទៅកាន់ទីក្រុង Manado។
ឧប្បត្តិហេតុដ៏អាក្រក់នេះ បានធ្វើឲ្យអ្នកដំណើររាប់រយនាក់ក្នុងនាវាបង្ខំចិត្តពាក់អាវសង្រ្គោះបន្ទាន់ រួចលោតចុះពីលើនាវាចូលទៅក្នុងសមុទ្រ ដើម្បីរំដោះជីវិតពីសេចក្តីស្លាប់។
គិតមកទល់ពេលនេះ ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិឥណ្ឌូនេស៊ី រួមជាមួយកម្លាំងពាក់ព័ន្ធកំពុងដុតដៃដុតជើងជួយសង្រ្គោះ ដើម្បីជម្លៀសអ្នកនៅលើនាវា និងជួយសង្រ្គោះអ្នកអណ្តែតនៅលើសមុទ្រ។
ចំពោះមូលហេតុនៅពីក្រោយសោកនាដកម្មនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ខណៈដែលចំនួនអ្នកស្លាប់ និងបាត់ខ្លួន ត្រូវបានរំពឹងថា អាចនឹងបន្តកើនឡើងថែមឡើង ដោយសារមនុស្សនៅតែបន្តបាត់ខ្លួន៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា