ព្យុះទីហ្វុង Wipha ឆក់យកជីវិតមនុស្ស ៣នាក់នៅហ្វីលីពីន

ម៉ានីល ៖ អាជ្ញាធរហ្វីលីពីនបាននិយាយនៅថ្ងៃ២០ ខែកក្កដាថា មនុស្ស ៣នាក់បានបាត់បង់ជីវិត និងច្រើនជាង ៣០០.០០០នាក់បានរងផលប៉ះពាល់ពីការវាយប្រហាររបស់ព្យុះទីហ្វុង Wipha ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

គិតត្រឹមព្រឹកថ្ងៃអាទិត្យ មនុស្ស ៣នាក់បានរងរបួស និង ៣នាក់ផ្សេងទៀតត្រូវគេរាយការណ៍ថាបានបាត់ខ្លួន ដោយសារតែការគំរាមកំហែងពីព្យុះទីហ្វុង Wipha និងខ្យល់មូសុងនិរតី នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ (NDRRMC)។

ក្រុមប្រឹក្សានេះបន្ថែមថា ឥទ្ធិពលនៃព្យុះទីហ្វុង Wipha ដ៏កំណាចនេះ បានធ្វើឲ្យមនុស្សសរុបចំនួន ១២០.០០៨គ្រួសារ ឬស្មើ ៣៧០.២៨៩នាកត្រូរងផលប៉ះពាល់នៅទូទាំងប្រទេសហ្វីលីពីន។

បន្ទាប់ពីវាយប្រហាររួច Wipha បានចាកចេញពីទឹកដីហ្វីលីពីនកាលពីថ្ងៃសៅរ៍។ ព្យុះត្រូពិចដ៏កំណាចនេះ បានឈានដល់កម្លាំងព្យុះទីហ្វុង មុនពេលវាយប្រហារភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃអាទិត្យ។

ទន្ទឹមគ្នា ការិយាល័យឧតុនិយមហ្វីលីពីន ហៅកាត់ PAGASA បានព្យាករថា ខ្យល់មូសុងនិរតីនឹងបន្តបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពាសពេញតំបន់ជាច្រើនជុំវិញប្រទេសហ្វីលីពីន។

គួរកត់សម្គាល់ ប្រទេសហ្វីលីពីនស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ព្យុះទីហ្វុងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយជារឿយៗតែងជួបប្រទះព្យុះប្រហែល ២០ព្យុះក្នុងមួយឆ្នាំៗ ក្នុងនោះប្រហែលពី ៨ ទៅ ៩ព្យុះវាយប្រហារដីគោក។ ហ្វីលីពីនក៏ស្ថិតនៅក្នុងទីតាំងដែលគេហៅថា Pacific Ring of Fire ដែលជាខ្សែក្រវាត់ភ្នំភ្លើងជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ជាទីតាំងដែលការរញ្ជួយដីភាគច្រើននៅលើពិភពលោកបានវាយប្រហារ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner