ចិនចាយជាង ១៦០ពាន់ដុល្លារ សង់មហាទំនប់វារីអគ្គិសនីធំបំផុតក្នុងលោក

ប៉េកាំង ៖ ដើម្បីពង្រីកខឿនសេដ្ឋកិច្ចជាតិកាន់តែរីកធំសម្បើម ព្រមទាំងជំរុញការប្រើប្រាស់ថាមពលស្អាតនោះ ប្រទេសចិនបានជះលុយដល់ទៅ ១៦៧ពាន់លានដុល្លារ សាងសង់មហាទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក កាលពីថ្ងៃទី១៩ ខែកក្កដា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg, មហាទំនប់វារីអគ្គិសនីនេះ មានឈ្មោះថា Mutuo ស្ថិតនៅលើដងទន្លេ Yarlung Tsangpo ស្រុក Nyingchi នៃតំបន់ខ្ពង់រាបទីបេ ជាទន្លេហូរទៅកាន់ប្រទេសឥណ្ឌានិងបង់ក្លាដែស។ គម្រោងនេះជាផ្នែកមួយនៃការជំរុញរបស់ចិន ក្នុងការពង្រីកថាមពលកកើតឡើងវិញ និងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ជាមួយនឹងការរំពឹងថា វានឹងជួយទីក្រុងប៉េកាំងសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័នទាំងស្រុងនៅឆ្នាំ២០៦០។

ទំនប់នេះត្រូវប៉ាន់ប្រមាណថាមានសមត្ថភាពអគ្គិសនី ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ហើយត្រូវរំពឹងថា នឹងជួយបំពេញតម្រូវការថាមពលក្នុងស្រុកនៅទីបេ និងតំបន់ផ្សេងទៀតនៃប្រទេសចិន។ លោកនាយករដ្ឋមន្ត្រីចិន Li Qiang ដែលបានប្រកាសពីការចាប់ផ្តើមសាងសង់ជាផ្លូវការ បានពិពណ៌នាគម្រោងវារីអគ្គីសនីនេះថា ជា “គម្រោងប្រចាំសតវត្សរ៍” ហើយថា ចំណុចសង្កត់ធ្ងន់ពិសេសត្រូវតែដាក់លើការអភិរក្សប្រព័ន្ធអេកូឡូស៊ី ដើម្បីការពារការខូចខាតបរិស្ថាន។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដែលស្រង់ប្រភពពីក្រសួងការបរទេសចិន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ តម្រូវឲ្យចិនត្រូវតែពន្លឿនអភិវឌ្ឍន៍វិស័យថាមពលស្អាត និងមិនបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។ ទន្ទឹមគ្នា មហាទំនប់វារីអគ្គិសនីដែលចិនកំពុងតែសាងសង់នៅតំបន់ទីបេនេះ កំពុងបង្កការព្រួយបារម្ភជាខ្លាំង ពីសំណាក់អង្គការបរិស្ថាន ពិសេសប្រជាជនឥណ្ឌា និងបង់ក្លាដែស ពីព្រោះទន្លេ Yarlung Tsangpo ហូរចេញពីតំបន់ទីបេ ឆ្ពោះទៅកាន់ទន្លេ Brahmapoutre របស់ឥណ្ឌា មុននឹងហូរចាក់ទៅដល់បង់ក្លាដែស។

ទន្លេ Brahmapoutre គឺជាប្រភពទឹកសាប និងជាដង្ហើមជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនភាគខាងកើតឥណ្ឌា និងប្រជាជនបងក្លេដែសរាប់សិបលាននាក់។
យ៉ាងណា រដ្ឋាភិបាលចិនបានធានាអះអាងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងមិនបង្កផលប៉ះពាល់អ្វីឡើយដល់បរិស្ថាន ពិសេសបរិមាណទឹកហូរទៅកាន់ប្រទេសដែលស្ថិតនៅខាងក្រោម។

ប៉ុន្តែភាគីឥណ្ឌានៅតែព្រមានថា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះគម្រោងនេះ ហើយឥណ្ឌានឹងធ្វើគ្រប់យ៉ាង ដើម្បីការពារផលប្រយោជន៍ខ្លួន។ រីឯអង្គការបរិស្ថានវិញ បានលើកឡើងពីការព្រួយបារម្ភប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនទីបេ ពិសេសប្រព័ន្ធជីវចម្រុះនៅខ្ពង់រាបទីបេ ដែលជាតំបន់ប្រឈមហានិភ័យខ្លាំងរួចទៅហើយ ដោយសារការប្រែប្រួលអាកាសធាតុ៕

ប្រភព ៖ Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner