កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានបើកជាផ្លូវការជាមួយនឹងវត្តមានថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយជិត ៣០ប្រទេស ចូលរួម

(សៀមរាប)៖ ព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) ជាលើកទី២ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ សន្និសីទនេះ ធ្វើឡើង ចាប់ថ្ងៃទី២១ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ។

ថ្លែងនៅមុនកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 ដែលរៀបចំឡើងជាលើកទី២ នៅកម្ពុជា, ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ដ្រា បានលើកឡើងថា ប្រធានសំខាន់គឺបញ្ញាសិប្បនិម្មិត (AI) ព័ត៌មានក្លែងក្លាយ ក្របខណ្ឌកិច្ចសហប្រតិបត្ដិការការទូត និងបច្ចេកវិទ្យាក្នុងការទំនាក់ទំនង។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ «យើងផ្ដោតលើប្រធានបទសំខាន់ៗ ទី១៖ ពាក់ព័ន្ធបញ្ហាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកដុះដាល និងកំពុងតែជ្រៀតចូលក្នុងវិស័យព័ត៌មាន ក៏ដូចជាផលវិបាកនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងទី២៖ ព័ត៌មានក្លែងក្លាយ ដែលក្នុងបរិបទបច្ចេកវិទ្យាព័ត៌មានរីកចម្រើន បណ្ដាញទំនាក់ទំនងសង្គមច្រើនព័ត៌មានក្លែងក្លាយបានរីកដុះដាល ហើយជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ»។

ជាមួយគ្នានេះដែរ កម្ពុជានឹងចែករំលែកពីបទពិសោធដែលយើងបានរៀបចំយន្ដការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាតាមដានក្ដាប់នូវព័ត៌មានក្លែងក្លាយលើបណ្ដាញផ្សព្វផ្សាយ ជាពិសេស Facebook, TikTok និងបណ្ដាញសង្គមផ្សេងៗទៀត។ នៅក្នុងឆ្នាំ២០២៤ ក្រសួងបានរកឃើញព័ត៌មានក្លែងក្លាយចំនួន៣,៦២១ ដែលមានការកើនឡើង ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ព័ត៌មានក្លែងក្លាយទាំងនោះ រួមមានបញ្ហាពាក់ព័ន្ធអាយុជីវិតប្រទេសជាតិ សន្ដិសុខជាតិ សេដ្ឋកិច្ច ទេសចរណ៍ នយោបាយ និងរឿងរសើបជាច្រើនទៀត ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ដ្រា បានបញ្ជាក់ថា ចំពោះអភិក្រមរបស់កម្ពុជា គឺមិនអនុញ្ញាតឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងនោះទេ។ កាលណា យើងឃើញព័ត៌មានក្លែងក្លាយផុសឡើង យើងត្រូវផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿនតាមដែនអាចធ្វើទៅបាន។ ដូច្នេះ យោងតាមបទពិសោធចូលរួមកិច្ចប្រជុំអន្ដរជាតិនានា មានតែប្រទេសកម្ពុជាប៉ុណ្ណោះដែលបានរៀបចំយន្ដការ និងយុទ្ធនាការច្បាស់លាស់ ហើយចេញជារូបរាងទ្រង់ទ្រាយធំ រួមទាំងការសិក្សាលើឯកសារ ការគិតគូរផ្សេងៗ ដែលអត់មានភាពជាក់ស្ដែងដូចនៅកម្ពុជានោះទេ។ នៅឆ្នាំ២០២៥នេះ កម្ពុជានឹងរៀបចំឱ្យមានសេចក្ដីថ្លែងការណ៍អង្គរស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ ២.០ ដែលលើកទីមួយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៩។

នៅក្របខណ្ឌកិច្ចសហប្រតិបត្ដិការការទូត ដែលក្រសួងព័ត៌មានបានដឹកនាំធ្វើកិច្ចការងារនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះមិនមែនជាកិច្ចការដោយឡែករបស់ប្រទេសណាមួយនោះទេ។ កិច្ចការព័ត៌មានកិច្ចសហការគ្នារវាងប្រទេស និងប្រទេស ជាពិសេស ក្នុងបរិបទនៃបច្ចេកវិទ្យាកំពុងតែរីកចម្រើននេះគឺចាំបាច់បំផុត ដែលរដ្ឋាភិបាលទាំងអស់ត្រូវសហការគ្នា ធ្វើកិច្ចការងារជាមួយគ្នាដើម្បីពង្រឹងទៅលើប្រសិទ្ធភាពព័ត៌មាន សន្ដិសុខព័ត៌មាន បំណងធ្វើឱ្យប្រជាពលរដ្ឋរបស់ខ្លួនទទួលបាននូវព័ត៌មានដែលមានគុណភាព ធានាបាននូវសិទ្ធិទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ រួមទាំងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ប្រធានបទទាក់ទងនឹងបច្ចេកវិទ្យាក្នុងការទំនាក់ទំនង ក៏ដូចជាការអភិវឌ្ឍសង្គម៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner