ក្រុមអ្នកជំនាញកំពុងធ្វើការជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋប្រាង្គលេខ១១ និងលេខ១២ នៅរួតទី១ ប្រាសាទប្រែរូប

(ភ្នំពេញ)៖ អស់រយៈពេលជាងមួយខែមកហើយ ក្រុមអ្នកជំនាញ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការជួសជុលប៉មប្រាសាទឥដ្ឋ លេខ១១ និងលេខ១២ នៅរួតទី១ នៃប្រាសាទប្រែរូប ដើម្បីពង្រឹងប៉មប្រាសាទឥដ្ឋ នៃប្រាង្គទាំងពីរខាងលើ ឱ្យរឹងមាំឡើងវិញ បន្ទាប់ពីបានពិនិត្យឃើញហានិភ័យនាពេលកន្លងមក។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។

លោក សូរ ប៉ោត បុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប៉មប្រាសាទឥដ្ឋលេខ១១ និងលេខ១២ មួយផ្នែកធំនៃជញ្ជាំងឥដ្ឋ មានស្នាមប្រះ រលុះបាក់បែក មានស្មៅដុះ និងទឹកភ្លៀងជ្រាបចូលដក់ទៅក្នុងតួប្រាសាទ ចំណែករចនាសម្ពន្ធនៃគ្រឹះប្រាសាទទាំងមូល ក៏ប្រឈមហានិភ័យដូចគ្នា។

លោកថា បច្ចុប្បន្នក្រុមការងារ បានជួសជុលពង្រឹងគ្រឹះជាមុន និងបន្ត ជួសជុលជញ្ជាំងឥដ្ឋព័ទ្ធជុំវិញ ។ មកដល់បច្ចុប្បន្ន កិច្ចការងារជួសជុលពង្រឹងប៉មប្រាសាទឥដ្ឋលេខ១១ និងលេខ១២ សម្រេចលទ្ធផលបានប្រមាណ៣០ភាគរយហើយ។ កិច្ចការនេះចាប់ផ្តើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥មក គ្រោងនឹងបញ្ចប់នាចុងខែធ្នូខាងមុខ។

ចំពោះដំណើរការជួសជុលអ្នកជំនាញបញ្ជាក់ថា មិនមានបញ្ហាប្រឈមធំដុំឡើយ ក្រុមការងារធ្លាប់មានបទពិសោធន៍ច្រើនទៅលើកិច្ចការជួសជុល ថែទាំ ដោយយកលំនាំបច្ចេកទេសជួសជុលដូចប្រាសាទឥដ្ឋផ្សេងៗទៀតក្នុងតំបន់អង្គរ និងបានអនុលោមតាមបទដ្ឋាន ដែលបានកំណត់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

ក្រុមអ្នកជំនាញកំណត់សម្គាល់ឃើញថា ប៉មព័ទ្ធជុំវិញ នៃប្រាសាទប្រែរូប មានសរុបចំនួន៣៣ ប៉ម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ចំពោះការជួសជុល អភិរក្ស និងថែទាំ ដើម្បីឱ្យប្រាសាទក្នុងរមណីយដ្ឋានអង្គរបានឈរឹងមាំ ជាមរតកសម្រាប់មនុស្សជាតិ។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០២១មក អាជ្ញាធរជាតិអប្សរា បានជួសជុល ពង្រឹងនៅច្រកខ្លោងទ្វារខាងកើតស្លាបខាងត្បូង និងនៅឆ្នាំ២០២៤ គម្រោងបន្តជួសជុលស្លាបខាងជើង។ កំឡុងឆ្នាំដដែល ក្រុមការងារបានជួសជុលកម្រាលថ្មបាយក្រៀមជ្រុងឦសាន រួតទី២ ។ នៅឆ្នាំ២០២៣ បានជួសជុល កម្រាលថ្មភក់ នៅជ្រុងនិរតី រួតទី៣ ដែលជាកន្លែងសម្រាប់ភ្ញៀវទេសចរ មើលថ្ងៃលិច និងពង្រឹងប៉មលេខ១៣ផងដែរ និងបច្ចុប្បន្នកំពុងជួសជុលពង្រឹងនៅប៉មលេខ១១ និងលេខ១២ នៅរួតទី១នៃប្រាសាទប្រែរូប។

គួរបញ្ជាក់ថា ប្រាសាទប្រែរូប ជាប្រាសាទភ្នំមួយ ដែលបានកសាងឡើងក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១។ ប្រាសាទនេះ សាងសង់អំពីថ្មបាយក្រៀម ថ្មភក់ និងឥដ្ឋ ដែលភាគច្រើន តួប៉មនៃឥដ្ឋបានរងការខូចខាតច្រើនជាងគេ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner