UN ចោទអ៊ីស្រាអែលសម្លាប់មនុស្សស្រែកឃ្លានជំនួយជាង ១.០០០នាក់នៅហ្គាហ្សា
ហ្សឺណែវ ៖ អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃទី២២ ខែកក្កដាថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១.០០០នាក់ដែលព្យាយាមទៅយកជំនួយស្បៀងអាហារចិញ្ចឹមក្រពះនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីអាមេរិក និងមូលនិធិមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការនៅទីនោះ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Thameen Al-Kheetan និយាយថា យោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១.០០០នាក់ ខណៈពួកគេកំពុងព្យាយាមស្វែងរកអាហារចិញ្ចឹមក្រពះនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីមូលនិធិមនុស្សធម៌ហ្គាហ្សាចាប់ផ្តើមដំណើរការ។
អ្នកនាំពាក្យរូបនេះបន្ថែមថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា យើងបានកត់ត្រាមនុស្សចំនួន ១.០៥៤នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា និង ៧៦៦នាក់ត្រូវបានសម្លាប់នៅជុំវិញទីតាំងមូលនិធិមនុស្សធម៌ហ្គាហ្សា GHF ហើយ២៨៨នាក់ទៀតត្រូវបានសម្លាប់នៅជិតក្បួនរថយន្តជំនួយរបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ផ្សេងទៀត។
បើតាមការបញ្ជាក់របស់លោក Khheetan ទិន្នន័យនេះ គឺផ្អែកលើព័ត៌មានពីប្រភពដែលអាចទុកចិត្តបានជាច្រើន រួមទាំងក្រុមគ្រូពេទ្យ អង្គការមនុស្សធម៌ និងសិទ្ធិមនុស្ស។
គួរកត់សម្គាល់ សង្រ្គាមនៅហ្គាហ្សាដែលបង្កឡើងដោយការវាយប្រហារយ៉ាងសាហាវរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបង្កើតលក្ខខណ្ឌមនុស្សធម៌ដ៏អាក្រក់សម្រាប់ប្រជាជនជាងពីរលាននាក់ដែលរស់នៅក្នុងទឹកដីជាប់ឆ្នេរសមុទ្រមួយនេះ៕





ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា