ប្រទេសដែលបានចូលរួមក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ គាំទ្រកម្ពុជា និង ប្តេជ្ញារួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

(សៀមរាប)៖ បណ្តាប្រទេសជាសមាជិក និង ដៃគូពាក់ព័ន្ធចំនួន៣៦ដែលបានចូលរួម ក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០(20th Asia Media Summit) បានវាយតម្លៃខ្ពស់ថាបញ្ហាព័ត៌មានក្លែងក្លាយជាបញ្ហាគ្រោះថ្នាក់ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងប្រយុទ្ធប្រឆាំង។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់សន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ នា សណ្ឋានគារសុខា ក្នុងខេត្តសៀមរាប ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖”អ្វីដែលក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជាបានលើកឡើងក្នុងកិច្ចប្រជុំស្តីពីព័ត៌មានក្លែងក្លាយនេះគឺត្រូវបានប្រទេសជាសមាជិកចាត់ទុកថាជារឿងមួយចាំបាច់ណាស់ដែលយើងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង។ហេតុដូច្នេះហើយបានជាក្នុងកិច្ចប្រជុំកំពូលមួយនេះបណ្តាប្រទេសជាសមាជិក គឺបានគាំទ្រនៃគំនិតផ្តួចផ្តើមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយតាមរយៈចេញសេចក្តីថ្លែងការណ៍ អង្គរ២.០ ដែលមានន័យថាជាសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ ហើយក៏មានការចុះអនុសារណៈនៃការយោគយល់គ្នា ជាមួយបណ្តាប្រទេសជាសមាជិកដើម្បីគាំទ្រ គ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ។

ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា”អ្វីដែលយើងទាំងអស់គ្នា មានការតាំងចិត្តក្នុងការប្រឆាំងជាមួយព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ពីព្រោះថាព័ត៌មានក្លែងក្លាយជាគ្រោះថ្នាក់ ដែលបង្កឡើងហើយបង្កើតជាបញ្ហាផ្សេងៗហើយអ្វីដែលសំខាន់នោះកាលណា ប្រជាជនប្រើប្រាស់ព័ត៌មានក្លែងក្លាយគឺនឹងធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការទទួលបាននូវព័ត៌មានត្រឹមត្រូវ ហើយនិងធ្វើឱ្យប៉ះពាល់ទៅដល់ ការសម្រេចចិត្តណាមួយរបស់គាត់”។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងដែរថា អ្វីដែលកម្ពុជាបានរៀបចំឡើងនេះជាដំណើរមួយដ៏ត្រឹមត្រូវ ហើយត្រូវបានស្វាគមន៍ពីបណ្តាប្រទេសជាសមាជិក និងអ្នកចូលរួមយ៉ាងច្រើន។

គួរបញ្ជាក់ថាសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្ត សៀមរាប បានចាប់ផ្តើមរយៈពេល៤ថ្ងៃពោលគឺថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ដែលបានរៀបចំឡើងនាទឹកដីអង្គរ ខេត្តសៀមរាប។សន្និសីទនេះដែរបានបិទបញ្ចប់ដោយជោគជ័យ និងព្រមទាំងមានការចេញសេចក្តីថ្លែងការណ៍អង្គរ២.០ ដែលមានន័យថាជាសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner