ក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីអាចដាក់ឱ្យប្រើប្រាស់យ៉ាងយូដើមឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្តេជ្ញាខិតខំរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីអាចដាក់ឱ្យប្រើប្រាស់យ៉ាងយូនៅដើមឆ្នាំ២០២៦ ខាងមុខនេះ ។

នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់នេះ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ ។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ថ្នាក់ដឹកនាំ មន្រ្តីរាជការមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត តំណាងវិស័យឯកជន តំ ណាងសមាគមពាណិជ្ជកម្ម អ្នកគណៈវិជ្ជាជីវៈសេរី អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំស្រាវជ្រាវ ដែលមានចំនួនសរុបប្រមាណ ២០០នាក់ ផងដែរ ។

សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងបំណងផ្សព្វផ្សាយជាសាធារណៈ ជូនភាគីពាក់ព័ន្ធ ដើម្បីធានាតម្លាភាព ភាពជឿទុកចិត្តបាន និងលើកទឹកចិត្តឱ្យមានការចូលរួម និងផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងច្បាប់ ព្រមទាំងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីកំណត់អំពីភាពខ្វះចន្លោះ សង្គតិភាព បូរណភាព និងផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់សំដៅធានាភាពគ្រប់ជ្រុងជ្រោយ សុខដុមភាវូបនីយកម្មគតិយុត្ត ឯកសណ្ឋានូបនីយកម្ម និងភាពរួចរាល់របស់ក្រសួង ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងការចូលរួមអនុវត្តច្បាប់នេះ។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត មានប្រសាសន៍ថា នៅបណ្តាប្រទេសក្នុងអាស៊ាន មានតែប្រទេសបីប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល គឺកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ។ ដូច្នេះហើយ ទើបក្រសួងប្រៃសណីយ៍ បានខិតខំរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គលនេះ ដើម្បីអាចដាក់ឱ្យប្រើនៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខនេះ ។

សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល ដែលដាក់ជូនអង្គសិក្ខាសាលានាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើច្បាប់ និងគោលនយោបាយអន្តរជាតិមួយចំនួនរបស់អង្គការអន្តរជាតិ និងបណ្តាប្រទេសជាច្រើន ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ជាតិពាក់ព័ន្ធមួយចំនួនក្នុងគោលបំណងធានាសង្គតិភាព និងសុខដុមភាវូបនីយកម្មគតិយុត្ត ។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់សិក្ខាកាមទាំងអស់ ចូលរួមពិភាក្សាឱ្យបានសកម្ម ផុសផុល ដើម្បីផ្តល់ធាតុចូលកែលម្អសេចក្តីព្រាងច្បាប់នេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រសើរឡើង។ ហើយបានផ្តល់អនុសាសន៍ថា៖ «យើងត្រូវរួមគ្នាកសាងវប្បធម៌ការពារទិន្នន័យបុគ្គល តាមរយៈការធ្វើប្រព្រឹត្តកម្មទិន្នន័យដោយមានការទទួលខុសត្រូវ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន សេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងជំរុញពាណិជ្ជកម្មអន្តរជាតិស្របតាមគោលការណ៍ពហុនិយម» ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វេង លឹមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner