កងទ័ពជើងទឹករុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ

មូស្គូ ៖ កងទ័ពជើងទឹករុស្ស៊ីបានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំក្នុងខែកក្កដានេះ ដែលមានឈ្មោះថា ខ្យល់ព្យុះ ឬ Storm ដោយមានការចូលរួមពីកងកម្លាំងមកពីតំបន់ភាគខាងជើង, ប៉ាស៊ីហ្វិក, កងនាវាបាល់ទិក និងនាវា Caspian Flotilla នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី២៣ ខែកក្កដា។

ដឹកនាំដោយលោកឧត្តមនាវីឯក Alexander Moiseyev អគ្គមេបញ្ជាការកងទ័ពជើងទឹក ល្បែងសង្គ្រាមខ្នាតធំនេះនឹងដំណើរការចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកក្កដា នៅទូទាំងតំបន់ដែនសមុទ្រជាច្រើន រួមទាំងដែនទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រអាកទិក សមុទ្របាល់ទិក និងសមុទ្រកាសព្យែន។

បើតាមក្រសួងការពារជាតិរុស្ស៊ី, នាវាចម្បាំង និងនាវាជំនួយជាង ១៥០គ្រឿង យន្តហោះ ១២០គ្រឿង ប្រព័ន្ធកាំជ្រួចការពារឆ្នេរសមុទ្រ ១០គ្រឿង រួមទាំងគ្រឿងបរិក្ខារយោធា និងឯកទេសប្រហែល ៩៥០គ្រឿង ក៏ដូចជាទាហានជាង ១៥.០០០នាក់កំពុងចូលរួមក្នុងសមយុទ្ធនេះ។

ក្រសួងថា សមយុទ្ធនេះ ធ្វើឡើងមានគោលបំណងសាកល្បងការត្រៀមខ្លួន នៃកងទ័ពជើងទឹក ដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូប្រតិបត្តិការមិនស្តង់ដារ ក៏ដូចជាការរួមបញ្ចូលនូវអាវុធជាក់លាក់រយៈចម្ងាយឆ្ងាយ, ប្រព័ន្ធគ្មានមនុស្សបញ្ជា និងបច្ចេកវិទ្យាយោធាទំនើបៗដទៃទៀត។

របៀបវារៈ រួមមានការដាក់ពង្រាយនាវិកទៅកាន់តំបន់ប្រយុទ្ធដែលបានកំណត់, ប្រតិបត្តិការប្រឆាំងនាវាមុជទឹក និងការការពារមូលដ្ឋានទ័ពជើងទឹក ក៏ដូចជាតំបន់សេដ្ឋកិច្ចសំខាន់ៗនៅដែនសមុទ្រ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner