ក្រសួងអប់រំយុវជននិងកីឡាគាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរដែលជាផ្នែកមួយពង្រីកការផ្សព្វផ្សាយគុនខ្មែរទៅឆាកអន្តរជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក ក្នុងកិច្ចសហការណ៍គាំទ្រវិទ្យាស្ថានជាតិបណ្តុះបណ្តាយុទ្ធគុនខ្មែរ នៅកម្ពុជា។

អនុស្សារណៈយោគយល់គ្នានេះ បានធ្វើនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២៤ ខែ កក្តដា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក លីវ អឺលី ប្រធានវិទ្យាស្ថានជាតិបណ្តុះបណ្តាលយុទ្ធគុនខ្មែរ (Liu Erli) និង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងវត្តមានអម ឯកឧត្តម ឆូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។

លោក លីវ អឺលី មានប្រសាសន៍ថា អនុស្សារណៈយោគយល់គ្នា រវាង ក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.កជាមួយក្រសួងអប់រំយុវជននិងកីឡា ដែលបានចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពមួយបានបង្ហាញឱ្យឃើញពីការគាំទ្រនៃចក្ខុវិស័យរួមគ្នាលើកស្ទួយនិងផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីរន្ទឺសុះសាយទៅកាន់ឆាកអន្តរជាតិ។ វិទ្យាស្ថានជាតិយុទ្ធគុនខ្មែរដែលបង្កើតឡើងដោយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក នៅលើទឹកដីប្រទេសកម្ពុជាមួយនេះ គឺផ្តោតរួមបញ្ចូលគ្នាមួយសម្រាប់ការបង្រៀន ស្រាវជ្រាវ និងផ្សព្វផ្សាយ។ លោក លីវ អឺលី រំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការគាំទ្ររួមគ្នារបស់ភាគីទាំងពីរនេះ វិទ្យាស្ថាននឹងសម្រេចបានសមិទ្ធផលគួរកត់សម្គាល់ និងរុងរឿងសម្រាប់មរតក និងមានវឌ្ឍនភាពនៃសិល្បៈក្បាច់គុនខ្មែរ។ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា មានគូសបញ្ជាក់ថា ហត្ថលេខានៃការចុះអនុស្សារណៈយោគយល់គ្នានេះ មានអត្ថន័យខ្លឹមសារសំខាន់ដែលអាចកំណត់បានជារទបថ្មី និងជាកំណត់ត្រាប្រវត្តិសាស្រ្តមួយសម្រាប់គុនខ្មែរកីឡាអត្តសញ្ញាណជាតិរបស់យើង ដើម្បីពង្រីកផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែមានភាពរឹងមាំខាងផ្នែកធនធានមនុស្សរបស់គុនខ្មែរទាំងគ្រូបង្វឹក និងកីឡាករកីឡាការិនី។ ឯកឧត្តម បានអះអាងទៀតថា អ្វីដែលជាចក្ខុវិស័យនៃគោលបំណងរួមរបស់ក្រុមហ៊ុនបានវិនិយោគលើការអភិវឌ្ឍបណ្តុះបណ្តាលធនធានគុនខ្មែរកាន់តែមានគុណភាពនេះ គឺក្រសួងអប់រំយុវជននិងកីឡាគាំទ្រទាំងស្រុង ព្រោះវិទ្យាស្ថានជាតិយុទ្ធគុនខ្មែរនេះជាសាលាបណ្តុះបណ្តាលធនធានគ្រូបង្វឹកគុនខ្មែរឱ្យមានកាន់តែច្រើននិងសប្បូរបែប។ដ្បិតបច្ចុប្បន្ននេះការពង្រីកឥទ្ធិពលគុនខ្មែរទៅកាន់ឆាកអន្តរជាតិកាន់តែមានភាពវិជ្ជាមានស្របតាមគោលដៅជំរុញកីឡាគុនខ្មែរយើងឆ្ពោះទៅរកសក្កានុពល ដើម្បីបញ្ចូលគុនខ្មែរចូលទៅក្នុងកីឡាអូឡាំពិក។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិយុទ្ធគុនខ្មែរ ដែលបង្កើតឡើងដោយក្រុមហ៊ុនខេមបូឌាន នូនហ្វីអឺមូល សេង ឯ.ក នៅកម្ពុជានេះ គឺបណ្តុះបណ្តាលគ្រូគុនខ្មែរឱ្យមានកម្រិតបរិញ្ញាប័ត ហើយវិទ្យាស្ថានមួយនេះ ផ្តល់ជាហារូបករណ៍សម្រាប់ជនជាតិខ្មែរមកទទួលយកការបណ្តុះបណ្តាលក្លាយជាគ្រូគុនខ្មែរជំនាញមានបរិញ្ញាប័ត ។ប៉ុន្តែសម្រាប់គ្រប់ជាតិសាសន៍ផ្សេងដែលមកទទួលយកការបណ្តុះបណ្តាលពីវិទ្យាជាតិយុទ្ធគុនខ្មែរនេះ គឺត្រូវបង់ថ្លៃសិក្សាពេញ ហើយ វិទ្យាស្ថានជាតិមួយនេះ ទទួលសិស្សចាប់ពីកម្រិតមូលដ្ឋានរហូតដល់កម្រិតខ្ពស់ ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner