អ៊ុយក្រែនត្រូវការលុយ ១២០ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិនៅឆ្នាំក្រោយ
កៀវ ៖ ប្រមុខការពារជាតិអ៊ុយក្រែន នៅថ្ងៃទី២២ ខែកក្កដា និយាយថា ឆ្នាំក្រោយ ប្រទេសអ៊ុយក្រែននឹងត្រូវការលុយយ៉ាងតិច ១២០ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យការពារជាតិ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Denys Shmyhal បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម Telegram ថា ការចរចាកំពុងបន្តជាមួយសមាជិកណាតូ និងសហភាពអឺរ៉ុប ខណៈដែលអ៊ុយក្រែនស្វែងរកមូលនិធិទំហំ ៦០ពាន់លានដុល្លារពីដៃគូ។
លោក Shmyhal វ័យ៥០ឆ្នាំរូបនេះ បានគូសបញ្ជាក់ពីគោលដៅ និងអាទិភាពជាយុទ្ធសាស្ត្រផ្នែកការពារជាតិរបស់ប្រទេសអ៊ុយក្រែន ដូចដែលបានកំណត់ដោយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។
ក្នុងនោះ សព្វាវុធដែលផលិតដោយអ៊ុយក្រែនបន្ថែមទៀត ៥០% គួរតែត្រូវបានទិញនៅអ៊ុយក្រែនផ្ទាល់ ខណៈក្រុមហ៊ុនបរទេសកាន់តែច្រើនមានឆន្ទៈសហការជាមួយអ៊ុយក្រែន និងធ្វើការនៅអ៊ុយក្រែន។ ការផ្តោតជាពិសេសលើការទទួលបានប្រព័ន្ធការពារដែនអាកាសថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់គោលដៅមីស៊ីលផ្លោង។
ត្រូវការថវិកាបន្ថែម ដើម្បីអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន ពិសេសសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក FPV និងដ្រូន UAVs រយៈចម្ងាយឆ្ងាយ រួមទាំងឧបករណ៍ស្ទាក់ចាប់។
ដូចដែលបានរាយការណ៍ពីមុន ខុទ្ទកាល័យរដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែនបានរួមបញ្ចូលសេណារីយ៉ូនៃការអភិវឌ្ឍន៍ដែលអាចកើតមានចំនួនពីរ នៅក្នុងសេចក្តីព្រាងសេចក្តីប្រកាសថវិកាសម្រាប់ឆ្នាំ២០២៦-២០២៨។ ការចំណាយលើវិស័យការពារជាតិត្រូវបានរំពឹងថា នឹងនៅតែជាអាទិភាពរយៈពេលវែង៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
