ក្រសួងការបទេសកម្ពុជា ថ្កោលទោសការឈ្លានពានរបស់ថៃ ចូលទឹកដីកម្ពុជា ដោយបាញ់ប្រហារមកលើកម្ពុជា ជាចេតនាគិតទុកមុន ឈ្លានពានយ៉ាងគឃ្លើន រំលោភច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបទេសកម្ពុជា ប្រកាសថ្កោលទោស យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃ ឈ្លានពានចូលទឹកដីកម្ពុជា ដោយបាញ់ប្រហារមកលើកម្ពុជា ជាចេតនាគិតទុកមុន ឈ្លានពានយ៉ាងគឃ្លើន រំលោភច្បាប់អន្តរជាតិ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារ ដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និង ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋាន ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។

រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះរបស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយ គ្មានមូលហេតុបែបនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ ។

កម្ពុជា អំពាវនាវឲ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយ ជម្លោះដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាព របស់ប្រជាជនខ្លួន ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner