ធ្លាក់យន្តហោះរុស្ស៊ី ស្លាប់មនុស្សទាំង៤៩នាក់

មូស្គូ : យន្តហោះដឹកមនុស្ស ៤៩គ្រឿង រួមមាន អ្នកដំណើរ ៤៣នាក់ និង បុគ្គលិក ៦នាក់ បានធ្លាក់នៅតំបន់ Amur ភាគខាងកើតឆ្ងាយ នៃប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ បណ្តាលឲ្យស្លាប់ទាំងអស់ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរ ចេញផ្សាយដោយទីភ្នាក់ងារ TASS។

ទីភ្នាក់ងារព័ត៌មាន CNA បានដកស្រង់សម្តីរបស់ លោក Vassily Orlov អភិបាលតំបន់ Amur និយាយនៅលើបណ្តាញសង្គម Telegram ថា យន្តហោះដែលជាម៉ាស៊ីនភ្លោះ ម៉ូឌែល Antonov-24 គឺជាកម្មសិទ្ធិរបស់
ក្រុមហ៊ុន Angara Airlines។ យន្តហោះ បានធ្វើដំណើរពីទីក្រុង Blagoveshchensk ប៉ុនប៉ងទៅកាន់ទីក្រុង Tynda ស្រាបតែបាត់ពីរ៉ាដា។ ក្រោយមក ឧទ្ធម្ភាគចក្រជួយសង្គ្រោះ ដែលដំណើរការដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី ក្រោយមកបានប្រទះឃើញតួយន្តហោះដែលកំពុងឆេះ នៅលើភ្នំមួយចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីទីក្រុង Tynda ។

ក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់បាននិយាយថា ឧទ្ធម្ភាគចក្រមិនបានឃើញភស្តុតាងនៃអ្នករស់រានមានជីវិតនោះទេ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ។

ទីភ្នាក់ងារការពារជនស៊ីវិល ក្នុងតំបន់ Amur បាននិយាយថា ខ្លួនកំពុងបញ្ជូនអ្នកជួយសង្គ្រោះ ជាមួយនឹងយន្តហោះ ៤ គ្រឿង ទៅកាន់កន្លែងកើតហេតុ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានឲ្យដឹងថា យន្តហោះបានធ្លាក់ ដោយសារតែកំហុសនាវិក អំឡុងពេលចុះចត ក្នុងស្ថានភាព មើលផ្លូវ មិនច្បាស់៕

ប្រភពពី CNA, Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner