អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ថៃមិនត្រឹមតែវាយប្រហារមកលើទីតាំងយោធារបស់កម្ពុជាទេ តែបាន វាយប្រហារចូលមកដល់ទីតាំងជនស៊ីវិលកម្ពុជាថែមទៀត

(ភ្នំពេញ)៖ ភាគីថៃមិនមានចេតនាត្រឹមតែវាយប្រហារមកលើទីតាំងយោធារបស់កម្ពុជាតែប៉ុណ្ណោះទេ គឺពួកគេក៏បានវាយប្រហារចូលមកដល់ទីតាំងជនស៊ីវិលរបស់កម្ពុជាថែមទៀតផង ដែលធ្វើឱ្យជនស៊ីវិលកម្ពុជាកំពុងរត់ភៀសខ្លួនក្រោមភាពភ័យខ្លាចជាខ្លាំង។ នេះបើតាមការបញ្ជាក់ពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា”ការវាយប្រហារជនស៊ីវិល ដែល ត្រង់បញ្ហានេះក្រសួងការពារជាតិបានចេញភ្លាមៗនូវសេចក្តីថ្លែងការណ៍ ដោយបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើយ៉ាងសាហាវឃោរឃៅរបស់ភាគីថៃ និងបានស្នើឱ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសឱ្យបានពេញទំហឹង “។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងបន្ថែមថា ក្រសួងការពារជាតិនឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិទាំងអស់ដើម្បីឱ្យភាគីថៃទទួលខុសត្រូវចំពោះទង្វើឈ្លានពានដ៏កំរោលរបស់ខ្លួន ជាពិសេសឱ្យថៃបញ្ចប់ជាបន្ទាន់នូវទង្វើអរិយភាព ដកទ័ពចេញពីទឹកដីកម្ពុជា និងចៀសវាងសកម្មភាពទាំងឡាយណាដែលធ្វើឱ្យកើនឡើងនូវភាពតានតឹងបន្ថែមទៀត។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានច្រានចោល បន្ទាប់ពីភាគីថៃបានចោទកងទ័ពកម្ពុជាថាបានវាយប្រហារចំពោះជនស៊ីវិលនៅក្នុងទឹកថៃផងដែរ ដោយលោកជំទាវអះអាងថាកងទ័ពកម្ពុជាវាយប្រហារតែទីតាំងយោធាតែប៉ុណ្ណោះ។

ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃនេះដែរលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅលើ៨ទីតាំងនៅថ្ងៃនេះគឺ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ តាថាវ ភ្នំខ្មោច អានសេះអូរផ្កាស្នេហ៍ និងតំបន់មុំបី។ នៅក្នុងនោះផងដែរក្រោយពីការបើកការវាយប្រហារយ៉ាងសន្ធាប់នៅក្នុងទីតាំងមួយចំនួនរហូតដល់ការប្រើប្រាស់អាវុធធុនធ្ងន់ និងឈានដល់ការប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់នៅក្នុងតំបន់មួយនៃខេត្តព្រះវិហារ គឺតំបន់ចំការចេកថែមទៀតផង តែទីបំផុតទៅអាស្រ័យដោយមានការប្រយុទ្ធតបតយ៉ាងស្វិតស្វាញពីសំណាក់វីរកងទ័ពរបស់យើង យើងបានដណ្តើមកាន់កាប់ទាំងស្រុងនូវដែនអធិបតេយ្យរបស់យើងគឺ ប្រាសាទតាក្របីនៅវេលាម៉ោង៩ និង៣០នាទី ខណៈតំបន់មុំបីយើងក៏យើងកាន់កាប់បានផងដែរ ហើយគិតមកដល់ម៉ោងនេះយើងនៅរក្សាបានប្រៀបឈ្នះ និងឈរកាន់កាប់នៅលើទីតាំងទាំងនោះយ៉ាងរឹងមាំ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner