អ្នកជំនាញជាតិ និងអន្តរជាតិជាង ៤០រូប មកពី៩ប្រទេសផ្សេងគ្នា រួមគ្នាបង្កើតផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល
(ភ្នំពេញ)៖ អ្នកជំនាញជាតិ និងអន្តរជាតិជាង ៤០រូប មកពី៩ប្រទេសផ្សេងគ្នា បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ក្នុងការបង្កើតផែនការយុទ្ធសាស្រ្ត រយៈពេល ៥ ឆ្នាំសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រយៈពេល២ថ្ងៃ ។
កិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ដ៏មានសារៈសំខាន់នេះ បានចាប់ផ្តើមនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការថ្លែងអំណរគុណវត្តមានដ៏មានតម្លៃរបស់អ្នកជំនាញជាន់ខ្ពស់ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចែករំលែកចំណេះដឹងដ៏សម្បូរបែបរបស់ខ្លួន និងរួមគ្នាបង្កើតឡើងនូវអនាគតមួយដ៏ភ្លឺស្វាង សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនេះ ដែលនឹងក្លាយជាផ្នែកមួយ សម្រាប់លើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចអំពីភាពចាំបាច់ នៃការងារស្រាវជ្រាវ នវានុវត្តន៍ ដើម្បីការលើកម្ពស់សុខភាព និងទប់ស្កាត់ការប៉ះពាល់សុខភាព តាមរយៈការគិតគូរ ប្រកបដោយភាពបុរេសកម្ម ការពារ និងទប់ស្កាត់ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីភាពប្រទាក់ក្រឡាគ្នា លើតម្រូវការចាំបាច់ សម្រាប់ការសិក្សាស្រាវជ្រាវ ទាំងជំងឺមិនឆ្លង និងជំងឺឆ្លង ដោយបង្ហាញនូវបទពិសោធន៍ទំនាក់ទំនងនៃជំងឺកូវីដ-១៩ លើបុគ្គលដែលមានជំងឺរ៉ាំរ៉ៃមួយចំនួនជាដើម។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំដែងនូវការគាំទ្រយ៉ាងមុតមាំ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល ដែលជាមណ្ឌលស្រាវជ្រាវជាតិ និងជាចំណែកមួយ នៃការស្រាវជ្រាវសុខភាពសកល ដើម្បីធ្វើឱ្យប្រសើរឡើង ក្នុងវិស័យសុខាភិបាល និងកំណត់អាទិភាពសុខាភិបាលចាំបាច់ ដែលនឹងជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយសុខាភិបាល ឆ្លើយតបនឹងតម្រូវការសុខភាពជាក់ស្តែង។
ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍បន្ថែម ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបន្តអនុវត្តការងារប្រកបដោយភាពនវានុវត្តន៍ ព្រោះនវានុវត្តន៍ នឹងមិនមានទីបញ្ចប់ទេ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីកៀងគរធនធាន ទាំងថវិកា និងជំនួយបច្ចេកទេស ដើម្បីពង្រឹងបន្ថែមការងារបណ្តុះបណ្តាល និងការងារស្រាវជ្រាវរបស់សាកលវិទ្យាល័យ ពង្រឹងការងារស្រាវជ្រាវ ឆ្លើយតបនឹងតម្រូវការសុខភាពនៃប្រទេសកម្ពុជា តំបន់ និងសាកលលោក ដោយគោរពក្រមសីលធម៌ស្រាវជ្រាវ ព្រមទាំងត្រូវមានតម្លាភាព និងនិរន្តរភាព ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ












