ប្រធានប្តូរវេនអាស៊ានចង់ឃើញ កម្ពុជា-ថៃ មានបទឈប់បាញ់
បរទេស ៖ ប្រធានប្តូរវេនអាស៊ាន និង ជានាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានអំពាវនាវឲ្យ កម្ពុជា និងថៃ បង្កើតឲ្យមាន «បទឈប់បាញ់» និង ចង់ឃើញ ប្រទេសទាំងពីរ ចូលតុចរចា។
លោក Anwar បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា «យ៉ាងហោចណាស់ យើងអាចរំពឹងទុក ថា ប្រទេសទាំងពីរ បន្ថយកម្តៅ ហើយសង្ឃឹមថា នឹងព្យាយាមចូលតុចរចា»។ លោកបានប្រាប់ទៀតថា «ប្រទេសទាំងពីរ គឺជាសមាជិកដ៏សំខាន់ របស់អាស៊ាន។ ប្រទេសទាំងពីរ ជិតស្និទ្ធ នឹងប្រទេសម៉ាឡេស៊ី…សន្តិភាព គឺជាជម្រើសតែមួយគត់»។
លោក Anwar បាននិយាយទៀតថា «ក្នុងតួនាទី របស់ម៉ាឡេស៊ី ឋានៈជាប្រធានអាស៊ាន សម្រាប់ឆ្នាំ ២០២៥ ខ្ញុំបានអំពាវនាវដោយផ្ទាល់ ទៅកាន់មេដឹកនាំទាំងពីរ ឱ្យមានបទឈប់បាញ់ ជាបន្ទាន់ ដើម្បីទប់ស្កាត់ អរិភាព កុំកើតឡើង បន្ថែមទៀត និង រៀបចំឲ្យមានការសន្ទនា ដោយសន្តិវិធី និង ដំណោះស្រាយ ការទូត»។
លោកបានបន្ថែមថា «ខ្ញុំស្វាគមន៍ ចំពោះសញ្ញាវិជ្ជមាន និងឆន្ទៈ ដែលបង្ហាញដោយទីក្រុងភ្នំពេញ និង ទីក្រុងបាងកក ដើម្បីពិចារណាលើផ្លូវ ឆ្ពោះទៅមុខ…កម្លាំងរបស់អាស៊ាន ស្ថិតនៅលើសាមគ្គីភាពរបស់ខ្លួន ហើយសន្តិភាព ត្រូវតែជាជម្រើសសមូហភាព និង មិនផ្លាស់ប្តូរ ជានិច្ច»។
គួរបញ្ជាក់ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា។
ប៉ុន្មានម៉ោងក្រោយពីថៃ ផ្តើមវាយឈ្លានពានកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ, តាមរយៈលិខិត, ឱ្យមានកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហៅកាត់ អ.ស.ប៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត