ប្រជាពលរដ្ឋភៀសសឹកកើនជិតម៉ឺននាក់នៅខេត្តព្រះវិហារ ខណៈខេត្តឧត្តរមា​នជ័យមានជាង២ ៦០០គ្រួសារ​

ភ្នំពេញ៖គិតត្រឹមរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសគេច ពីគ្រាប់ កាំភ្លើងយោធាថៃ​កស្នាក់នៅ​បណ្ដោះអាសន្នក្នុង​មណ្ឌល​សុវត្ថិភាព​វត្តពោធិ៍ ៥០០០ដើម ក្នុងភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ កើនឡើងជិត មួយម៉ឺននាក់ហើយ។ខណៈនៅខេត្តឧត្តរមានជ័យមានចំនួនជាង២ ៦០០គ្រួសារ។

ជាមួយនឹងការកើនឡើងយ៉ាងគំហុកនៃជនភៀសសឹក បន្ទាប់ពីយោធាថៃបើក ការឈ្លានពានដោយចំហរនិងឃោរឃៅ ដោយការ​ប្រើប្រាស់អាវុធកាន់តែធុនធ្ងន់ រួមជាមួយនឹងការទម្លាក់គ្រាប់បែកដោយដ្រូន និងយន្តហោះព្រមទាំងការប្រើ​ប្រាស់គ្រាប់បែកចង្កោមផងនោះ នៅថ្ងៃនេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅ មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្ត​ព្រះវិហារ។

យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះគឺដើម្បីធានាបាន​នូវទី​កន្លែងស្នាក់នៅ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ប្រកបដោយ​អនាម័យ និងរបៀបរៀបរយ សម្រាប់ទទួល​បងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈម និងកំពុងផ្ទុះអាវុធនៅ​តាមបណ្ដោយ​បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត។

ខណៈនេះរដ្ឋបាលខេត្តព្រះវិហារ បាននិងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំ និងផ្ដល់ទី​ជម្រក​បណ្ដោះអាសន្ន និងការគាំទ្រចាំបាច់នានាដល់ប្រជាជនដែលគួរឱ្យអាណិតប្រកបដោយការភិតភ័យ ពិសេសស្រ្តី​មានផ្ទៃពោះ កុមារ ចាស់ជរា សំដៅធ្វើយ៉ាងណារក្សាបាននូវសុខសុវត្ថិភាព និងសុខុមាលភាពក្នុងការស្នាក់នៅ ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។

ដោយឡែកនៅខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់នៅថ្ងៃនេះថា ប្រជា​ពលរដ្ឋ​ប្រមាណជាង ២៦០០គ្រួសារ ត្រូវបានជម្លៀសចេញពីទីតាំងដែលមានហានិភ័យខ្ពស់ប្រឈមនឹងការផ្ទុះអាវុធ​ទៅទីតាំងសុវត្ថិភាព។
ក្នុងសន្និសីទកាសែតនៅថ្ងៃនេះដែរជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងការ​ពារជាតិបានបញ្ជាក់ថា “សកម្មភាពរបស់ថៃកាន់តែគឃ្លើន និងឃោរឃៅ ដោយការប្រើប្រាស់អាវុធកាន់​តែធុនធ្ងន់ រួមជាមួយនឹងការទម្លាក់គ្រាប់បែកដោយដ្រូន និងយន្តហោះ ព្រមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម ដោយវាយប្រហារលើទីតាំងសម្បត្តិវប្បធម៌ពិភពលោក វត្តអារាម មណ្ឌលសុខភាព ទីប្រជុំជន ក្នុងដែនអធិប​តេយ្យភាព​កម្ពុជា”៕


ដោយ៖មុនី
រូបថត៖ទូរទស្សន៍ជាតិ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner