តបការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មនុស្សជាងមួយម៉ឺននាក់ចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ
ភ្នំពេញ៖ចាប់តាំងពីម៉ោង៩ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKLរាជាធានីភ្នំពេញប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី មានទាំងព្រះសង្ឃ និងជនបរទេសផងជាងមួយម៉ឺននាក់/អង្គបានចូលរួមបរិច្ចាគឈាមដោយទឹកចិត្តរីករាយ។

ជាមួយលទ្ធផលលើបណ្ដាញសង្គមផ្លូវការលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នារាត្រីនេះបានសរសេរថា ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ មហាគ្រួសារខ្មែរ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រើន តបតាមការអំពាវនាវរបស់នាងខ្ញុំ កាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ។

ជាលទ្ធផលនៃការបរិច្ចាគយើងទទួលបានឈាមចំនួន ២,១១៧ប្លោក។ ជាមួយគ្នានេះ ក៏មានបងប្អូន អ៊ំពូមីង តាយាយក៏បានអញ្ជើញទៅដល់ទីតាំង ហើយមិនទាន់បានបរិច្ចាគ និងបានចុះឈ្មោះតាម QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន ៩,៣៣៦នាក់។

លោកជំទាវបន្តថា ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រើននេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

លោកជំទាវបញ្ជាក់ជាចុងក្រោយថា”នាងខ្ញុំជឿជាក់ថាបើខ្មែរយើងរួមសាមគ្គីគ្នា យើងនឹងឆ្លងកាត់ពេលវេលាមួយនេះបានដោយជោគជ័យ”។
ដោយឡែកនៅរាត្រីថ្ងៃនេះដែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះសារដោយ សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ មហាគ្រួសារខ្មែរ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រើន តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ។
សម្ដេចធិបតីគូសរំលេចថា ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រើននេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕
ដោយ៖មុនី

