អ្នកនាំពាក្យក្រសួងការពារជាតិ៖ថៃបានពង្រីកការឈ្លានពានមកខេត្តមួយចំនួនរបស់កម្ពុជា

ភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិបានបញ្ជាក់ថាការឈ្លានពានរបស់ថៃបានពង្រីកការឈ្លានពានមកខេត្តមួយ​ចំនួនរបស់កម្ពុជា។

លោកស្រីបានបញ្ជាក់ថា វេលាម៉ោង ៥ និង២នាទី ថ្ងៃទី២៦ ខែកក្កដា ភាគីថៃបានបើកការវាយប្រហារដោយកាំភ្លើង​ធំចំនួន៥គ្រាប់ មក​លើទីតាំងជាច្រើន​នៅក្នុងភូមិសាស្រ្តភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្នុងទីតាំងនៃ​យុទ្ធភូមិភាគទី៤ ថៃបានធ្វើការវាយប្រហារផងដែរចំនួន៣ទីតាំង មាន តាថាវ ជាំតែ និងវាលឥន្រ្ទី នៅវេលាម៉ោង៥ព្រឹកដូចគ្នា។

ព្រះរាជាណាចក្រ​កម្ពុជាសារជាថ្មី សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់ភាគីថៃ និងការ​បង្កហេតុ និង​ការត្រៀមទុកជាមុនរបស់ភាគីថៃ, ព្រះរាជាណាចក្រ​កម្ពុជា​សូមបញ្ជាក់ជាថ្មី ចំពោះការ​ប្តេជ្ញាចិត្ត​រក្សាសុខ​សន្តិភាព ទោះជាយ៉ាងណាសូមរក្សា​សិទ្ធិ​នៅក្នុងការ​ការពារអធិបតេយ្យភាព​របស់ខ្លួន ក្នុងនាមជាជនរងគ្រោះពីការ​រំលោភបំពានរបស់ភាគីថៃ។

កម្ពុជាសូមបញ្ជាក់សារជាថ្មី កម្ពុជាឈរលើគោលការណ៍វាយប្រហារតែលើគោលដៅយោធារបស់ភាគីថៃ មិន​មានគោលដៅវាយប្រហារលើជនស៊ីវិលណាមួយឡើយ។

អ្នកនាំពាក្យដដែលបន្តថា មកដល់ម៉ោងនេះ យើងអាចបញ្ជាក់បានថា កងកម្លាំងប្រដាប់អាវុធកម្ពុជាឈរយ៉ាងរឹងមាំ ជឿជាក់ មុះមុត ក្នុងការ​ការពារដែនអធិបតេយ្យភាពរបស់ខ្លួន ដោយ​មិន​រួញរាចំពោះការ​គំរាមកំហែង ការ​បង្ខិតបង្ខំ​របស់ភាគីថៃ ទោះបីជាមានការដាក់សម្ពាធពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗ ប៉ុន្តែកងកម្លាំង​ប្រដាប់អាវុធកម្ពុជា ឈរយ៉ាងអង់អាចក្លាហាន ក្នុងការ​ការពារដែនអធិបតេយ្យភាពរបស់ខ្លួន​មិន​ឱ្យ​បាត់សូម្បីមួយមីលីម៉ែត្រ៕
ដោយ៖សត្យា

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner