អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ថៃបានដាក់ខេត្តត្រាត ខេត្តច័ន្ទបុរី ក្រោមច្បាប់អាជ្ញាសឹកបង្ហាញពីភាពគឃ្លើនចង់រំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថាភាគីថៃកាន់តែគឃ្លើន និង បានដាក់ពង្រាយកងទ័ពវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើង ដោយពុំបានចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងជម្លោះណាមួយឡើយ។ ក្រៅពីនេះភាគីឈ្លានពានថៃបានដាក់ខេត្តត្រាត ខេត្តច័ន្ទបុរី ដែលមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តកោះកុង ខេត្តពោធិ៍សាត់របស់កម្ពុជា ក្រោមច្បាប់អាជ្ញាសឹក ហើយចាប់ផ្តើមពង្រាយទ័ព និងសព្វាវុធសឹកដែលបង្ហាញពីភាពគឃ្លើនចង់រំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា ។
បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ក្រៅអំពីដាក់ច្បាប់អាជ្ញាសឹកខេត្តនៅតាមព្រំដែនជាមួយកម្ពុជានេះ ភាគីថៃបានពង្រីកការវាយប្រហារតាមតំបន់ ព្រំដែន នៃខេត្តបន្ទាយមានជ័យ តាមផែនការយោធានៃយុទ្ធសាស្រ្ត ចក្រពង្សភូវ៉ានាថ។ ការត្រៀមកងទ័ពទាំងនេះបង្ហាញឱ្យឃើញថា ថៃមានបំណងពង្រីក ការវាយប្រហារមកលើកម្ពុជាកាន់តែកំរោល និងរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាកាន់តែខ្លាំងឡើងៗ។
មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងដែរថា”ភាគីថៃបានចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើកម្ពុជា ដូចជាការអះអាងនោះឡើយ ។ ក្នុងនេះដូចជាការបំភ្លៃការជាន់មីនរបស់កងទ័ពថៃ ដែលជាហេតុផលនៃការត្រៀម និងបង្កើតទុកជាមុនដើម្បីជាលេសសម្រាប់ ពង្រីកយុទ្ធនាការឈ្លានពានលើទឹកដីកម្ពុជា ។សកម្មភាពទាំងនេះបង្ហាញឱ្យឃើញច្បាស់ក្រឡែតអំពី ការប៉ុនប៉ង និង យុទ្ធសាស្រ្តបង្កើត ទុកជាមុនរបស់ភាគីថៃ ដើម្បីឈ្លានពានកម្ពុជា។ ការចោទប្រកាន់របស់ភាគីថៃប្រកបដោយភាពលាក់បាំង គ្មានមូលដ្ឋានច្បាស់លាស់ ហើយព្រងើយកន្តើយអំពីទំនួលខុសត្រូវរបស់ខ្លួនចំពោះច្បាប់អន្តរជាតិសោះឡើយ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់បន្ថែមថា ៖ ថៃបានប្រើប្រាស់យន្តហោះប្រភេទ F16 និងគ្រាប់បែកចង្កោមវាយប្រហារទៅលើទីតាំងជនស៊ីវិល ។ ការវាយប្រហារដ៏ឃោរឃៅគ្មានមនុស្សធម៌ និងមិនគប្បីទាល់តែសោះ ដែលជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជនស៊ីវិល រួមមានវត្តអារាម មណ្ឌលសុខភាព ស្ថានីយប្រេងឥន្ធនៈ ទីប្រជុំជន ផ្សារ ភូមិ និងប្រាសាទដែលជាទីសក្ការៈ និង ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
”អ្វីដែលយើងបានកត់សម្គាល់ថែមទៀតនោះការបង្កប៉ះពាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ប្រជាជនស៊ីវិលគ្មានកំហុស ជាស្រ្តី កុមារ ចាស់ជរា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដែលគួរឱ្យព្រួយបារម្ភ ហើយការរំលោភបំពាននេះគឺច្បាស់ក្រឡែត ដែលខុសនឹងច្បាប់មនុស្សធម៌អន្តរជាតិ និងសន្ធិសញ្ញាក្រុងហ្សឺណែវ ។
កម្ពុជាសូមគូសបញ្ជាក់សារជាថ្មី កម្ពុជាឈរលើគោលការណ៍ វាយប្រហារតែលើគោលដៅ យោធាភាគីថៃប៉ុណ្ណោះ មិនមានចេតនាណាមួយវាយប្រហារគោលដៅលើជនស៊ីវិលសោះឡើយ។ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា កងទ័ព ប្រជាជនកម្ពុជាសូមប្រកាសថានឹងរួមគ្នាជាធ្លុងមួយក្នុងការការពារដែន អធិបតេយ្យភាព របស់ខ្លួន ការពារសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយមិនងាករេ ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ ៖ ម៉ាដេប៉ូ

