ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ការជួយសង្រ្គោះជីវិតមាតា និងទារក គឺជាកត្តាសំខាន់ មានមាតាសុខភាពល្អ មានទារកសុខភាពល្អ នឹងមានប្រទេសជាតិសុខភាពល្អ
(ភ្នំពេញ)៖ ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ មិនមែនគ្រាន់តែជាអាទិភាពប៉ុណ្ណោះទេ តែជាការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ ដោយយកចិត្តទុកដាក់ទៅលើ ករណីរំលូត សូមគណៈកម្មការអ្នកជំនាញទាំងឡាយពិនិត្យ និងវិភាគសារឡើងវិញការរំលូតដែលមិនត្រឹមត្រូវ ករណីមរណភាពមាតា និងទារក ត្រូវតែមានការតាមដានឱ្យបានជាប់ជាប្រចាំ និង ត្រូវបង្កើនការស្រាវជ្រាវ អំពីករណីមិនទាន់មានការថយចុះអត្រាមរណភាពមាតា និងទារក ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងដូចច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ឆ្នាំ២០២៥-២០៣០ និង ពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើត និងការឆ្លើយតប ព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ដែលពិធីនេះ មានអ្នកចូលរួម ចំនួន ២២៥៨នាក់។
ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារកជុំវិញកំណើត ឆ្នាំ២០២៥-២០៣០នេះ ជាឯកសារយុទ្ធសាស្ត្រមានសមាសធាតុគន្លឹះ ៧ចំណុច ដែលចាំបាច់ត្រូវអនុវត្តស្របពេលជាមួយគ្នានឹងការពង្រឹងប្រព័ន្ធសុខាភិបាល ពង្រឹងសមត្ថភាពក្នុងការបម្រើសេវានៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិតទាំងសាធារណៈ និងឯកជន។ ការពិនិត្យលើករណីស្លាប់របស់មាតា និងទារកជុំវិញកំណើតនឹងជួយដល់ការរកឃើញមូលហេតុពិតប្រាកដ ដើម្បីធ្វើការកែលម្អនិងបង្កើនគុណភាពព្យាបាលបានទាន់ពេលវេលា។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីការបង្ការការបញ្ជៀសកត្តាហានិភ័យ ដែលបង្កជាមូលហេតុនៃការស្លាប់របស់មាតានិងទារក គឺត្រូវយកចិត្តទុកដាក់លើការពិនិត្យផ្ទៃពោះប្រកបដោយគុណភាព កំណត់ឱ្យបាន និងរកឱ្យឃើញទាន់ពេលវេលាស្ត្រីមានផ្ទៃពោះប្រឈមនឹងគ្រោះថ្នាក់ គ្រប់គ្រងផលវិបាកឱ្យបាន និងបញ្ជូនទៅមន្ទីរពេទ្យ ដែលមានសេវាសង្គ្រោះបន្ទាន់កម្រិតខ្ពស់ជាង។ ត្រូវផ្តល់សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត រួមជាមួយនឹងប្រព័ន្ធបញ្ជូនដែលដំណើរការពេញលេញ។ ក្នុងករណីមានផលវិបាកធ្ងន់ធ្ងរ សុំឱ្យរួមគ្នាធ្វើការងារជាក្រុម និងមានការគាំទ្រពីអ្នកជំនាញ ឬអ្នកឯកទេសដទៃទៀត។
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវជំរុញឱ្យមន្ត្រីសុខាភិបាលពាក់ព័ន្ធទាំងអស់អនុវត្តពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត ហើយរៀបចំបង្កើតគណៈកម្មការថ្នាក់ខេត្តទៅតាមគោលការណ៍ ដែលមានចែងក្នុងពិធីសារជាតិ និងរៀបចំគណៈកម្មការមន្ទីរពេទ្យខេត្តទៅតាមគោលការណ៍ក្នុងពិធីសារជាតិផងដែរ។ គ្រប់ករណីស្លាប់របស់មាតា និងករណីស្លាប់របស់ទារកជុំវិញកំណើត គណៈកម្មការថ្នាក់ខេត្តត្រូវតែកំណត់ឱ្យបាន ពិនិត្យរកមូលហេតុ ធ្វើផែនការឆ្លើយតប និងធ្វើរបាយការណ៍ភ្លាមមកគណៈកម្មការថ្នាក់ជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ






