អ៊ីរ៉ង់ពឹងរ៉ុក្កែតរុស្ស៊ីបញ្ជូនផ្កាយរណបឡើងទីអវកាស
មូស្គូ ៖ អ៊ីរ៉ង់បានពឹងពាក់គ្រាប់រ៉ុក្កែតរបស់រុស្ស៊ីបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងរបស់ខ្លួនដោយជោគជ័យទៅកាន់គន្លងតារាវិថី នៅថ្ងៃទី២៥ ខែកក្កដា ហើយកិច្ចសហការគ្នានេះសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។

គ្រាប់រ៉ុក្កែត Soyuz របស់រុស្ស៊ី ត្រូវបានបញ្ជូនចេញពីទីតាំងបាញ់បង្ហោះ Vostochny នៅភាគខាងកើតនៃប្រទេសរុស្ស៊ី។ រ៉ុក្តែតនេះបានដឹកផ្កាយរណបអង្កេតផែនដី Ionosphere-M របស់រុស្ស៊ីចំនួនពីរគ្រឿង ផ្កាយរណប Nahid-2 របស់អ៊ីរ៉ង់ និងផ្កាយរណបរុស្ស៊ីតូចៗចំនួន ១៧គ្រឿងទៀត បញ្ជូនទៅដាក់នៅទីអវកាសដែលបានកំណត់ទុកដោយជោគជ័យ។
ផ្កាយរណបអ៊ីរ៉ង់ បើតាមសេចក្តីរាយការណ៍ មានទម្ងន់ប្រហែល ១១០គីឡូក្រាម ដែលនឹងវិលជុំវិញផែនដីនៅលើគន្លងចម្ងាយ ៥០០គីឡូម៉ែត្រ ហើយវាមានអាយុកាលសេវាកម្មត្រឹម ២ឆ្នាំ។
សូមរម្លឹកថា កាលពីខែវិច្ឆិកាឆ្នាំមុន រុស្ស៊ីក៏បានបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់មួយគូផងដែរ មានឈ្មោះថា Kowsar និង Hodhod ដែលនៅពេលនោះ ជាការបាញ់បង្ហោះជាលើកដំបូង។ ដោយឡែក រុស្ស៊ីខ្លួនឯងផ្ទាល់ក៏បានបាញ់បង្ហោះផ្កាយរណបចំនួនពីរគ្រឿង នៅចន្លោះឆ្នាំ២០២២ និង២០២៤ ផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
