បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ៤៥រូប ជាប់គាំងនៅលើភ្នំប្រាសាទព្រះវិហារ បានរួចផុតគ្រោះថ្នាក់

(ភ្នំពេញ)៖ អាជ្ញាធរជាតិព្រះវិហារ ប្រកាសពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥រូប ដែលបានជាប់គាំងនៅលើភ្នំប្រាសាទព្រះវិហារ អំឡុងពេលកំពុងបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់កាំភ្លើងធោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារនិង បរិវេណជុំវិញ កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងសេចក្តីប្រកាសព័ត៌មានអំពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ ជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបថា បុគ្គលិកអាជ្ញាធរជាតិ ព្រះវិហារ ជាពលករ ភ្នាក់ងារទេសចរណ៍ កម្មករបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ ចំនួន ៤៥ រូប បានជាប់នៅលើ ភ្នំប្រាសាទព្រះវិហារអំឡុងពេលបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់កាំភ្លើងធោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅ ប្រាសាទព្រះវិហារ និង បរិវេណជុំវិញ ចាប់តាំងពីម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។

កាលពីម៉ោង២២:០០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសម្របសម្រួល ជូនបុគ្គលិកទាំងអស់ធ្វើដំណើរថ្មើរជើងចុះពីលើភ្នំតាមចម្រាក់ភ្នំហើយតានីរហូតមកដល់ភូមិធម្មជាតិសម្តេចតេជោ ទើបឡើងរថយន្តរៀបចំដោយអាជ្ញាធរជាតិព្រះវិហារ បន្តដំណើរមកដល់ស្នាក់ការអាជ្ញាធរជាតិព្រះវិហារប្រចាំ រមណីយដ្ឋានប្រាសាទកោះកេរវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដោយសុវត្ថិភាព បន្ទាប់ពីជាប់នៅលើភ្នំប្រាសាទព្រះវិហារ អស់រយៈពេល ៤៥ម៉ោង ។

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គ្រប់បណ្តាអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះវិហារគ្រប់លំដាប់ថ្នាក់ ដែលបាន យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសម្រួលដល់ដំណើរការសង្គ្រោះបុគ្គលិកអាជ្ញាធរជាតិព្រះវិហារចាប់តាំងពី ពេលជាប់នៅលើភ្នំប្រាសាទព្រះវិហាររហូតទទួលបានសុវត្ថិភាព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner