នាយករដ្ឋមន្ត្រីកម្ពុជា និងនេប៉ាល់ អញ្ជើញជាបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នៅសណ្ឋាគារសុខាភ្នំពេញ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ខេភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធនេប៉ាល់ បានអញ្ជើញជាអធិបតីរួមគ្នា បើក វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នាសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់ជាច្រើនរូប។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា វេទិកានេះ រៀបចំឡើងក្នុងបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ចរវាងកម្ពុជា និងនេប៉ាល់ កាន់តែភាពប្រសើរឡើងថែមទៀត ខណៈបច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកម្រិតតិចតួចបំផុត។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបន្តថា តាមរយៈវេទិកានេះ នឹងជួយបើកផ្លូវដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ បានកាន់តែប្រសើរជាងពេលបច្ចុប្បន្ន ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញរបាយការណ៍ថា ចាប់ពីឆ្នាំ២០១៤ រហូតដល់រយៈពេល ៦ខែឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិត ១៧ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជា នាំចេញទៅនេប៉ាល់មានជាង ១២ម៉ឺនដុល្លារ ហើយកម្ពុជា នាំចូលពីនេប៉ាល់មកវិញ មានជាង ៤ម៉ឺនដុល្លារ។ ទំនិញដែលដោះដូរជាមួយគ្នាភាគច្រើនជាសម្លៀកបំពាក់ និងវត្ថុធាតុដើមសម្រាប់ផលិត សម្លៀកបំពាក់៕