សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាននាំយកអំណោយសប្បុរសធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋ ២២គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ កាលពីក្នុងសប្តាហ៍កន្លងទៅ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្តឹងត្រែង៖ ប្រជាពលរដ្ឋ ២២គ្រួសារ ដែលធ្លាប់ទទួលផលប៉ះពាល់ពីខ្យល់កន្ត្រាក់ នៅក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ឧសភា ម្សិលមិញនេះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ ទៅផ្តល់ជូនគ្រួសារដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២ឧសភាកន្លងទៅនេះ នៅក្នុងភូមិចំនួន៣ គឺភូមិពងក្រៀល ភូមិខិះស្វាយ និងភូមិព្រែកមាស ស្ថិតនៅក្នុង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អំណោយដែលត្រូវចែកជូនពលរដ្ឋទាំង២២គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ គួចយកជញ្ជាំង និងដំបូលផ្ទះកាលពីថ្ងៃ២ឧសភា២០១៩ នោះដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មីកញ្ចប់១កេស ឃីត១កញ្ចប់ មាន «មុង ភួយ សារ៉ុង និងក្រមា» ត្រីខកំប៉ុង ១យួរ កន្ទេល១ តង់១ ស័ង្កសី ១២០សន្លឹក ដែកគោល១០គីឡូក្រាម និងថវិកា៥ម៉ឺនរៀល។

អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានថ្លែង សម្តែងការសោកស្ដាយ ចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនពលរដ្ឋ ព្រោះគឺជាគ្រោះមហន្តរាយ ដែលគ្មាននរណាម្នាក់ចង់ជួបប្រទះនោះឡើយ ហើយអំណោយដែលកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកមកផ្តល់ជូនបងប្អូននៅក្នុងពេលនេះ គឺជាអំណោយមនុស្សធម៌ ដែលបានមកពីការចូលរួមបរិច្ចាគធនធាន ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់សប្បុរសជននានា ដើម្បីបម្រើក្នុងវិស័យមនុស្សធម៌ និងសង្គមធម៌ ក្រោមមាគ៌ាដឹកនាំប្រកដោយគិតបណ្ឌិត របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានសម្តេចតេជោ សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា។

លោកថា ទាំងអស់នេះបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចប្រមុខដឹកនាំទាំងពីរ ដែលតែងបានគិតគូពីជីវភាពរស់នៅរបស់បងប្អូន នៅពេលបងប្អូនជួបការលំបាក មិនថានៅទីកន្លែងណានោះទេ ហើយក៏មិនដែលប្រកាន់ និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីនោះឡើយ។ លោកបានថ្លែងបញ្ជាក់ថា អំណោយទាំងនេះ ថ្វើត្បិតមានចំនួនតិចតួចប៉ុន្តែ អាចជួយសម្រួល និងដោះទុក្ខធុរៈ ការលំបាករបស់បងប្អូន បានមួយគ្រាដែរ។ លោកបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកសៀមប៉ាងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ចំពោះបាតុភូតភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់នេះ ព្រោះវាអាចកើតឡើងបាន នៅក្នុងគ្រប់ពេលវេលា ៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner