រដ្ឋមន្ត្រីក្រសួងកសិកម្ម នាំយកស្បៀងជូន ពលរដ្ឋ និងគ្រួសារកងទ័ព ដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្តរមានជ័យ និងតំបន់ជួរមុខព្រំដែនខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្តរមានជ័យ និងតំបន់ជួរមុខព្រំដែនខេត្តបន្ទាយមានជ័យ មកទីទួលសុវត្ថិភាពនៃស្រុកថ្មពួក ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានមតិផ្ដាំផ្ញើឱ្យរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុកគេហដ្ឋានពុកម៉ែ បងប្អូនគឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួលឱ្យកងទ័ពរបស់យើងការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យើងទាំងអស់គ្នាគាំទ្រកងទ័ពដ៏អង់អាចរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន។

នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តសួរសុខទុក្ខប្រជាពលរដ្ឋជាង ៦០០គ្រួសារ ដែលបានជម្លៀសពីតំបន់ព្រំដែនអូរបីជាន់ មកទីទួលសុវត្ថិភាពនៅស្រុកអូរជ្រៅ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner