នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ ដោយសារការឈ្លានពានប្រដាប់អាវុធរបស់ថៃ មកលើកម្ពុជា

(ភ្នំពេញ)៖ សម្ដេចនករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈបណ្ដាញសង្គមនាវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថា ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធ ថ្ងៃទី២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល ៖

ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។

រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លៀសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ ។

ជាមួយគ្នាដែរ សម្ដេចធិបតី សូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏សូមអរព្រះគុណ និងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner