BBC ផ្សាយថា ថៃមិនត្រូវការអ្នកទីបី ក្រោយមានអន្តរាគមន៍របស់លោក Trump

បរទេស ៖ កាសែតដ៏ល្បី BBC បានចុះផ្សាយ រំលេចខ្លឹមសារថា «ភាគីថៃ មិនត្រូវការ អ្នកសម្របសម្រួល ពីប្រទេសទី៣» ក្រោយពេល មានការផ្សព្វផ្សាយ ព្រោងព្រាត ពីវត្តមានលោក ប្រធានាធិបតីអាមេរិក Donald Trump ចូលខ្លួនមក ជំរុញឲ្យមានបទឈប់បាញ់ ក្នុងជម្លោះប្រដាប់អាវុធ ដែលផ្តើមចេញពីឈ្លានពានទាំងកម្រោល ពីយោធាថៃ តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ផ្អែកតាមប្រភព ដែលបានចុះផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ «លោក Trump បាននិយាយថា លោកទន្ទឹងរង់ចាំ ការបន្តកិច្ចចរចា ពាណិជ្ជកម្ម ជាមួយកម្ពុជា និង ថៃ ប៉ុន្តែ ការពិភាក្សា អាចធ្វើទៅបាន ទាល់តែ ការប្រយុទ្ធគ្នា ត្រូវបញ្ឈប់។ ចាប់ពីថ្ងៃទី ១ ខែសីហា ការដឹកជញ្ជូនទំនិញ ពីប្រទេសថៃ ឬ កម្ពុជា នឹងត្រូវបង់ពន្ធគយបដិការ ៣៦% លុះត្រាតែ មានកិច្ចព្រមព្រៀង អាចសម្រេចបាន មុនពេលនោះ។ វាមិនច្បាស់ទេថា តើលោក Trump មានការពាក់ព័ន្ធ ក្នុងស្ថានភាពបែបណា នោះទេ ដោយហេតុថា មួយថ្ងៃ មុននេះ រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បាននិយាយថា ខ្ញុំមិនគិតថា យើងត្រូវការការសម្របសម្រួលណាមួយ ពីប្រទេសទីបី នៅឡើយទេ នៅពេលនេះ»។

គួរបញ្ជាក់ថា BBC គឺជាស្ថាប័នផ្សព្វផ្សាយ របស់អង់គ្លេស ផ្តល់ព័ត៌មានជូន មនុស្សរាប់លាននាក់ នៅក្នុងចក្រភពអង់គ្លេស និង ជុំវិញពិភពលោក ដោយមានទាំង ទូរទស្សន៍ វិទ្យុ និង អនឡាញ ផ្សាយច្រើនជាង ៤០ភាសា។

ជម្លោះប្រដាប់អាវុធ នៅព្រំដែននេះ បានផ្តើមចេញពីការឈ្លានពាន ទាំងកម្រោល របស់យោធាថៃ តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ចុងក្រោយនេះ បើទោះបីជា មានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដែលជំរុញឲ្យមានបទឈប់បាញ់ក៏ដោយ នៅថ្ងៃទី២៧ ខែកក្កដា នេះ ទាហានថៃ នៅតែបន្តឈ្លានពានដីកម្ពុជា ទាំងកម្រោល បង្កើនការទម្លាក់គ្រាប់បែក ជាពិសេស គ្រាប់ចង្កោម ដោយគ្មានញញើត នៃច្បាប់អន្តរជាតិ នេះបើតាម អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner