នាវាដឹកយន្តហោះចម្បាំងឯកោបំផុតរបស់រុស្ស៊ីប្រឈមការលក់ ឬបំផ្លាញចោលតែម្តង

មូស្គូ ៖ នាវាដឹកយន្តហោះចម្បាំងតែមួយគត់របស់ប្រទេសរុស្ស៊ី មានអាយុកាលប្រហែល៤០ឆ្នាំ ឈ្មោះថា Admiral Kuznetsov អាចនឹងត្រូវបង្ខំចិត្តបំផ្លាញចោល ឬលក់ចេញតែម្តង នេះបើតាមការបញ្ជាក់របស់ប្រធានសាជីវកម្មសាងសង់កប៉ាល់រដ្ឋរបស់រុស្ស៊ី លោក Andrei Kostin បានប្រាប់កាសែត Kommersant នៅក្នុងការអត្ថាធិប្បាយមួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ។

ការកត់សម្គាល់បែបនេះរបស់លោក Kostin កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការងារជួសជុល និងថែទាំនាវាដឹកយន្តហោះចម្បាំង Admiral Kuznetsov ដែលដំណើរការជាយូរមកហើយនោះបានផ្អាកដំណើរការ ដោយសារតែវាមានសភាពចាស់ទ្រុដទ្រោម និងការចំណាយខ្ពស់លើការថែទាំ ឬជួសជុល។ យ៉ាងណាមិញការសម្រេចចិត្តចុងក្រោយ នៅពុំទាន់ធ្វើឡើងនៅឡើយ។

ដោយចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៨៥ ក្នុងអំឡុងសម័យសហភាពសូវៀតនោះ នាវាដឹកយន្តហោះចម្បាំង Kuznetsov បានចូលរួមសកម្មភាពនៅក្នុងយុទ្ធនាការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី ដើម្បីគាំទ្រដល់របបដឹកនាំរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដោយដឹកកងយន្តហោះចម្បាំងរបស់ខ្លួនធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងកងកម្លាំងឧទ្ទាម។

ប៉ុន្តែវាមិនបានដើរតួនាទីក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ដោយសារតែវាបានឈប់បម្រើការចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ទោះបីជាឆ្លងកាត់ទំនើបកម្មនៅក្នុងតំបន់ Murmansk ជិតទីតាំងដែលកងនាវាភាគខាងជើងរបស់រុស្ស៊ីមានមូលដ្ឋាន។

កាលពីខែធ្នូ ឆ្នាំ២០១៩ យ៉ាងហោចណាស់យោធាម្នាក់បានស្លាប់ និង១២នាក់រងរបួស ដោយសារតែភ្លើងឆេះលើនាវា Admiral Kuznetsov ហើយកាលពីឆ្នាំមុន នាវានេះបានរងការខូចខាតម្តងទៀត ក្នុងពេលធ្វើការជួសជុលនៅឯកំពង់ផែ។

ដំបូងឡើយ រុស្ស៉ីគ្រោងនឹងដាក់ឱ្យដំណើរការនាវា Admiral Kuznetsov ឡើងវិញក្នុងឆ្នាំ២០២២នេះ ប៉ុន្តែកាលបរិច្ឆេទនេះ ត្រូវបានពន្យារដល់ឆ្នាំ២០២៣ និងពន្យារពេលជាថ្មីទៀតដល់ឆ្នាំ២០២៤៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner