កូរ៉េខាងជើងថា មិនចាប់អារម្មណ៍ត្រូវរូវគ្នាជាមួយកូរ៉េខាងត្បូងទេ
ព្យុងយ៉ាង ៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី២៨ ខែកក្កដានេះ បានទាត់ចោលចេតនារបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលចង់ផ្សះផ្សារប្រទេសបងប្អូនកូរ៉េទាំងពីរឡើងវិញ និងថា ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍ចង់ត្រូវរូវគ្នាជាមួយទីក្រុងសេអ៊ូលទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង, អ្នកនាង គីម យ៉ូជុង បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ជេ ម្យុង ដើម្បីផ្សះផ្សារទំនាក់ទំនងជាមួយកូរ៉េខាងជើង។
អ្នកនាង គីម បានទទួលស្គាល់ថា ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងបានខិតខំប្រឹងប្រែងដោយស្មោះមួយចំនួន ដូចជាការបញ្ឈប់ការផ្សាយតាមឧបករណ៍បំពងសំឡេង និងការបញ្ជូនប្រជាជនកូរ៉េខាងជើងត្រឡប់មកវិញ។
ប៉ុន្តែអ្នកនាងបានរិះគន់កូរ៉េខាងត្បូងថា នៅតែធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងរៀបចំផែនការធ្វើសមយុទ្ធយោធារួមគ្នា ដោយនិយាយថា សកម្មភាពទាំងនេះបង្ហាញថា គ្មានអ្វីផ្លាស់ប្តូរទេ។
បើតាមការបញ្ជាក់របស់អ្នកនាង គីម, កូរ៉េខាងជើងចង់បញ្ជាក់សាជាថ្មីថា មិនថាគោលនយោបាយអ្វីត្រូវបានអនុម័ត និងសំណើអ្វីក៏ដោយដែលធ្វើឡើងនៅកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងមិនចាប់ចំណាប់អារម្មណ៍ទេ ហើយគ្មានហេតុផលអី ដែលត្រូវជួប ឬពិភាក្សាបញ្ហាជាមួយកូរ៉េខាងត្បូងនោះដែរ។
លោក Lee ដែលបានចូលកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមុន បន្ទាប់ពីការដកតំណែងរបស់លោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី បានបង្ហាញពីបំណងរបស់គាត់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសបងប្អូនកូរ៉េទាំងពីរ ដែលបានបែកខ្ញែកគ្នានៅក្នុងសង្គ្រាមចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា