អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់ទៅកាន់សមភាគីថៃថា កម្ពុជាមិនទាន់បានប្រើ និង មិនទាន់ដល់ពេលប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03នៅឡើយទេ កុំលាបព៌ណ មួលបង្កាច់
(ភ្នំពេញ)៖ កម្ពុជា សូមបញ្ជាក់យ៉ាងច្បាស់លាស់ថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់បានប្រើ និងមិនទាន់ដល់ពេលប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03 នៅឡើយទេ ។ នេះជាការបញ្ជាក់ពីសំណាក់ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាពថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងថា មកដល់ពេលនេះភាគីថៃកាន់តែលាបពណ៌មួលបង្កាច់កម្ពុជាដើម្បីបំភាន់សាធារណៈមតិ ទាំងជាតិ និងអន្តរជាតិ។
កម្ពុជាសូមទាមទារឱ្យថៃឈប់ជាបន្ទាន់នៃការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យមានការបិទបាំងនៃការរំលោភបំពានលើច្បាប់អន្តរជាតិរបស់ខ្លួន ។
អ្មកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងដែរថា កម្ពុជាសូមបន្តថ្កោលទោស និងច្រានចោលយ៉ាងដាច់អហង្ការដែលថាកម្ពុជាប្រើ មីស៊ីល PHL-03 ។ ជាថ្មីម្តងទៀតចំពោះការចោទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិតពីសំណាក់ភាគីថៃ ចោទប្រកាន់ថាកម្ពុជាបានប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ ។
ក្រសួងការពារជាតិកម្ពុជា ចាត់ទុកថា ទង្វើចោទប្រកាន់ទាំងងងើលម្តងហើយម្តងទៀតទាំងគ្មានមូលដ្ឋានអ្វីសោះនេះ ដែលឆ្លុះបញ្ចាំងជាលេសរបស់ភាគីថៃដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវនិងព្រៃផ្សៃជាងមុន អមនុស្សធម៌ជាងមុន និងកាន់តែខ្លាំងជាងមុន ក្នុងការវាយប្រហា ររំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា។
ជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាបានចាត់ទុកថាការប្រើប្រាស់អាវុធធន់ធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម និងចុងក្រោយនេះឈានដល់ការប្រើប្រាស់ផ្សែងពុលរបស់ថៃជាអំពើខុសច្បាប់ធ្ងន់ធ្ងរអន្តរជាតិ និងត្រូវបញ្ឈប់ជាបន្ទាន់៕

ដោយ ៖ ម៉ាដេប៉ូ