បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញ់ជាបន្ទាន់និងឥតលក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទ សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញ់ជាបន្ទាន់និងឥតលក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ» ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ៖
បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ដែលចូលជាធរមានកាលពីម៉ោង២៤៖០០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ជាលទ្ធផលវិជ្ជមាន នៅតាមយោធភូមិភាគទាំងអស់គឺមិនមានការផ្ទុះអាវុធដាក់គ្នាទៀតទេ នេះជាការប្ដេជ្ញាចិត្តយ៉ាងខ្ពស់នៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ របស់ថ្នាក់ដឹកនាំទាំងអស់។ ជាមួយគ្នានេះ ដើម្បីធានាដល់ប្រសិទ្ធភាព ភាគីទាំង២ត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួននៅក្នុការឯកភាពគ្នាពីបទឈប់បាញ់ជាបន្ទាន់ ៖
ចំណុចទី ៖
ទី១. បញ្ឈប់នូវការបាញ់គ្នា, ទី២. មិនឱ្យមានការចល័តទ័ព ឬបន្ថែមទ័ព, ទី៣. កងទ័ពភាគីទាំង២ត្រូវរក្សានៅទីតាំងដដែលរាប់ចាប់ពីម៉ោង ២៤៖០០នាទី (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥, ទី៤. ត្រូវបង្កើតក្រុមការងារទំនាក់ទំនងមួយដើម្បីធ្វើការ ជាមួយគ្នា។
ចំណុចទី២ ៖
រៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគដោយក្នុងនោះមានភូមិភាគ១ និងភូមិភាគ២ (ប្រទេសថៃ) ជួបជាមួយមេបញ្ជាការយោធភូមិភាគ៤, ភូមិភាគ៥ និងភូមិភាគ៣ (ប្រទេសកម្ពុជា)។ ចាប់តាំងពីម៉ោង ៧ព្រឹក ថ្ងៃនេះ គឺមានដំណើរការនៃកិច្ចប្រជុំថ្នាក់ភូមិភាគរួចទៅហើយ។
នៅវេលាម៉ោង ៧៖ ០០នាទីនេះ មេបញ្ជាការយោធភូមិភាគ៥កម្ពុជា កំពុងជួបប្រជុំពិភាក្សាការងារជាមួយមេបញ្ជាការយោធភូមិភាគ១របស់ថៃនៅទីតាំងក្បាលស្ពាន។
ចំពោះយោធភូមិភាគ៤កម្ពុជា និងយោធភូមិភាគ២របស់ថៃ នឹងមានការជួបប្រជុំគ្នានៅអូស្មាច់នៅវេលាម៉ោង១០៖០០នាទីព្រឹកនេះ។
ដោយឡែក ចំពោះយោធភូមិភាគ ៣របស់កម្ពុជា នឹងជួបប្រជុំជាមួយបញ្ជាការដ្ឋានចន្ទបូរី និងត្រាត តាមរយៈ Zoom នៅវេលាម៉ោង ៩៖០០នាទីព្រឹកនេះ។

