សម្ដេចធិបតី ៖ ចាំកងទ័ព និងប្រជាជន បានសេចក្តីសុខ ប្រទេសជាតិ បានទទួលសុខសន្តិភាពវិញសិន ចាំលាបសក់
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បាននិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច ដោយសារសមរភូមិមុខ មានការធូរស្រាល បន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨កក្កដា ។
ល្ងាចថ្ងៃទី២៨កក្កដា ជំនួយការខ្ញុំម្នាក់ ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន មានម្នាក់ទៀត ឱ្យយោបល់ថា ខ្ញុំគួរលាបសក់កុំឱ្យមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះ អត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ ។
អារម្មណ៍របស់ខ្ញុំទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ÷ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករដែលត្រឡប់មកវិញជាគំហុកពីប្រទេសថៃ។ល។ បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឱ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភៀសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ។
ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ រូបខ្ញុំមើលទៅចាស់បន្តិចដោយសារសក់ស្កូវមិនអីទេ។ ហើយបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល។
ចាំដោះស្រាយបញ្ហាទាំងអស់នោះបានចប់ ហើយកងទ័ព និងប្រជាជន បានសេចក្តីសុខ ប្រទេសជាតិ បានទទួលនូវសុខសន្តិភាពវិញសិន ចាំលាបសក់ក៏មិនអីដែរ ៕
ដោយ ៖ វណ្ណលុក
