អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ការអនុវត្តបទឈប់បាញ់បន្ទាន់នឹងនាំមកនូវសន្តិភាព និងសន្តិសុខ ឡើងវិញ រវាងកម្ពុជា-ថៃ

(ភ្នំពេញ)៖ ក្នុងជម្លោះព្រំដែន និងការប្រយុទ្ធគ្នា យ៉ាងក្តៅគគុករវាងកម្ពុជា-ថៃ ក្នុងនេះជំហានដំបូងនៃការឈានឆ្ពោះទៅរកការកាត់បន្ថយអរិភាព និងស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខនោះគឺបន្ទាប់ពីការអនុវត្តបទឈប់បាញ់បន្ទាន់មួយកើតឡើង ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋ លេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃ ព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញ់ជាបន្ទាន់និងឥតលក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីឱ្យដឹងថា ដើម្បីធានាបាននូវបទឈប់បាញ់គ្នា ជាជំហានបន្ទាប់ភាគីទាំងពីរត្រូវតែធ្វើយ៉ាងណាដើម្បីឱ្យមានការធានា និងការអនុវត្តពេញលេញ ម៉ឺងម៉ាត់ ហ្មត់ចត់នូវអ្វីដែលបានឯកភាពគ្នានៅក្នុងកម្រិតនៃការជជែកគ្នារបស់ថ្នាក់ដឹកនាំរួចហើយនោះ គឺត្រូវបង្កើតយន្តការតាមដាន និងត្រួតពិនិត្យមួយឡើង ។

លោកជំទាវបញ្ជាក់ថា ប្រសិនបើភាគីទាំងពីរមានការឯកភាព និងមានការជួបជាមួយនឹងក្រុមអនុព័ន្ធយោធានៃប្រទេសនានាដែលដឹកនាំដោយប្រធានអាស៊ាន គឺប្រទេសម៉ាឡេស៊ីដើម្បីឈានដល់ការនាំមកវិញនូវប្រក្រតីភាព និងទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលក្នុងនោះក៏មានក្រុមអង្កេតការណ៍មួយដែលនឹងត្រូវបានបង្កើតឡើងដើម្បីធ្វើការផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ត បទឈប់បាញ់ ។

លោកជំទាវបានបន្តថា ប្រទេសម៉ាឡេស៊ីក៏នឹងពិគ្រោះយោបល់ផងដែរជាមួយបណ្តាប្រទេសដែលជាសមាជិអាស៊ានដទៃទៀតដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្កេតការណ៍ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តនៅក្នុងកម្រិតតំបន់លើការគាំទ្រដល់សន្តិភាពនៅលើដីជាក់ស្តែង ដែលវត្តមាន និងកិច្ចសហការរបស់ភាគីទាំងអស់គឺជាការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ការសន្ទនា និងស្ថិរភាពនៅក្នុងតំបន់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner