មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ ឯកភាពគ្នាមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ
មេបញ្ជាការយោធភូមិភាគទី៤ និងទី៥ របស់កម្ពុជា និងមេបញ្ជាការយោធភូមិភាគទី១ និងទី២ របស់ថៃ បានប្រព្រឹត្តទៅដោយរលូន និងលទ្ធផលល្អ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ជំនួបថ្នាក់មេបញ្ជាការយោធភូមិភាគរវាងកម្ពុជា និងថៃ គឺផ្តោតសំខាន់លើការមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ របស់ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំណែកឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ជាលទ្ធផលភាគីទាំងពីរបានឯកភាពគ្នាមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ។ ហើយភាគីទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនិងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ កម្ពុជា-ថៃ បានឯកភាពគ្នាចំនួនបីចំណុច៖
1.បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។
2.រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង
3.រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖ពលជ័យ




