ឥណ្ឌូណេស៊ីទិញយន្តហោះចម្បាំងជិត ៥០គ្រឿងពីតួកគី និងពិភាក្សាទិញពីប្រទេសធំៗផ្សេងទៀត
អ៊ីស្តង់ប៊ុល ៖ ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះចម្បាំង KAAN ចំនួន ៤៨គ្រឿងពីប្រទេសតួកគី ក្នុងគោលបំណងធ្វើទំនើបកម្មកងយន្តហោះចម្បាំងយោធា ដែលមានវ័យចំណាស់របស់ខ្លួន នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិឥណ្ឌូណេស៊ី ដកស្រង់ចុះផ្សាយដោយកាសែតរ៉យទ័រ នៅថ្ងៃទី២៩ ខែកក្កដា។
ដើម្បីពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន ឥណ្ឌូណេស៊ីក៏បានបញ្ជាទិញយន្តហោះចម្បាំង Rafale របស់បារាំងចំនួន ៤២គ្រឿងក្នុងតម្លៃ ៨.១ពាន់លានដុល្លារកាលពីឆ្នាំ២០២២ផងដែរ។
បន្ថែមលើនេះ ឥណ្ឌូណេស៊ីក៏កំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំង J-10 របស់ចិន និងបន្តពិភាក្សាទិញយន្តហោះចម្បាំង F-15EX ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ។
ក្រៅពីទិញយន្តហោះចម្បាំង ប្រទេសឥណ្ឌូណេស៊ីក៏បានស៊ីញ៉េលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនផលិតកប៉ាល់ TAIS របស់ប្រទេសតួកគី ដើម្បីទិញនាវាចម្បាំងប្រភេទ Milgem Istif ចំនួន២គ្រឿង ក្នុងអំឡុងពិព័រណ៍ការពារជាតិនៅទីក្រុងអ៊ីស្តង់ប៊ុលផងដែរ។
KAAN គឺជាយន្តហោះចម្បាំងផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសតួកគី ហើយវាបានបញ្ចប់ការហោះហើរលើកដំបូងនៅក្នុងខែកុម្ភៈឆ្នាំមុន ប៉ុន្តែការផលិតទ្រង់ទ្រាយធំ មិនត្រូវបានរំពឹងថា នឹងចាប់ផ្តើមរហូតដល់ឆ្នាំ២០២៨នោះទេ។
ក្រសួងការពារជាតិតួកគីបានហៅ KAAN ថា ជាយន្តហោះចម្បាំងជំនាន់ទី៥ ដោយវាត្រូវបានបំពាក់ដោយម៉ាស៊ីន General Electric F-110 ចំនួនពីរគ្រឿង ជាម៉ាស៊ីនដែលត្រូវបានប្រើនៅក្នុងយន្តហោះចម្បាំង F-16 ជំនាន់ទី៤ របស់ក្រុមហ៊ុនម៉ៅការការពារជាតិអាមេរិក Lockheed Martin ផងដែរ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
