ធនាគារជាតិ នៃកម្ពុជា លុបចោលកម្ចី ពី ១០លានរៀល ដល់ ៨០លានរៀលរបស់យោធិនពិការ និង ពលី

(ភ្នំពេញ)៖ យោងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បានឱកយដឹងថា ៖

ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖

១. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយ៖ ក. លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និង ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ ។

២. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៖ ក. លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ខែ គិតចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការ ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ។

ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើ ប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ ។

គ. បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ១០ (ដប់) លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និង ឃ. បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ៨០ (ប៉ែតសិប) លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ។

៣. តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជន ផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន ។

៤. លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាព ជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner