ស្មារតីខ្មែរជួយខ្មែរ សប្បុរជនក្នុងខេត្តបាត់ដំបងកាន់តែផុលផុស ជួយឧបត្ថម្ភដល់កងទ័ព និងពលករខ្មែរមកពីប្រទេស​ថៃ

ចាប់តាំងពីផ្តើមដំបូងនៃទង្វើឈ្លានពានពីភាគីថៃ ក្នុងស្មារតីខ្មែរជួយខ្មែរ ការពារបូរណភាពទឹកដី និងស្រឡាញ់​សុខសន្តិភាព មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់ថ្នាក់ និងយុវជននៅក្នុងខេត្តបាត់ដំបង បានផុលផុស​ក្នុងការបរិច្ចាគនូវធនធានផ្ទាល់ខ្លួននិងនាំយកអំណោយជា​ថវិកា ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់​ផ្សេងៗសម្រាប់ផ្តល់ជូន​ដល់ប្រជាពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ និងឧបត្ថម្ភគាំទ្រ​កងទ័ព​ដែល​កំពុងឈរ​ជើងនៅតាមខ្សែបន្ទាត់ព្រំដែន។

ការចូលរួមកាន់តែផុលផុសឡើងៗ។នៅបរិវេណមុខអគារសាលាខេត្ត​ចាស់ក្នុង​សប្ដាហ៍នេះ សប្បុរសជនយ៉ាង​ច្រើនកុះករ ដែលមកចូលរួមបរិច្ចាគជាមួយ​រដ្ឋបាលខេត្តបាន បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលបាន​រួមចំណែក ជាមួយរដ្ឋបាលខេត្តបាត់ដំបង។

លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានសំដែង​ទឹកចិត្តនិងថ្លែងអរគុណចំពោះមន្ត្រីរាជការ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សប្បុរសជននានានិងក្មួយៗសិស្សា
នុសិស្ស និង និស្សិត នៅក្នុងខេត្តបាត់ដំបង ដែលបានរួមចំណែកផ្តល់​អំណោយ​ជាថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារ:ប្រើប្រាស់ចាំបាច់ផ្សេងៗទៀត​ ជូនដល់រដ្ឋបាលខេត្ត។

សូមបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសជនទាំងអស់ ត្រូវបាន​រដ្ឋបាល​ខេត្តបាត់ដំបង ធ្វើការបែងចែក​និងនាំយកទៅផ្តល់ជូន​កងកម្លាំងការពារ​បូរណភាពទឹកដី ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋ​ភៀសសឹកផងដែរ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner