ប្រធានសិទ្ធិមនុស្ស UN ជំរុញកម្ពុជា-ថៃគោរពបទឈប់បាញ់ឲ្យបានពេញលេញ

ហ្សឺណែវ ៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk នៅថ្ងៃទី៣០ ខែកក្កដា បានជំរុញឱ្យកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ព្រំដែន ឱ្យបានពេញលេញ និងចាត់វិធានការឱ្យបានឆាប់រហ័សក្នុងការកសាងទំនុកចិត្ត និងសន្តិភាព។

លោក Turk ក៏បានអំពាវនាវឱ្យភាគីកម្ពុជា-ថៃ ការពារអាយុជីវិតជនស៊ីវិលពីគ្រោះថ្នាក់បន្ថែមទៀតផងដែរ បន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀង ដែលបញ្ឈប់ការប្រយុទ្ធគ្នាដោយបើកចំហនៅតាមព្រំដែន។

លោក Turk មានវ័យ៦០ឆ្នាំរូបនេះនិយាយថា កិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវតែគោរពយ៉ាងពេញលេញ ដោយស្មោះត្រង់ពីសំណាក់ភាគីទាំងពីរ ខណៈកិច្ចខិតខំប្រឹងប្រែងការទូតនៅតែបន្ត ក្នុងគោលបំណងដោះស្រាយឫសគល់នៃជម្លោះ។

ស្នងការជាន់ខ្ពស់យូអិនទទួលបន្ទុកសិទ្ធិមនុស្សដដែល បានសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពដ៏តានតឹងនេះ វាជារឿងសំខាន់ដែលអាជ្ញាធរថៃ និងកម្ពុជា ត្រូវតែចាត់វិធានការស្តារទំនុកចិត្តឡើងវិញ ដើម្បីប្រឆាំងនឹងវោហាសាស្ត្របង្កគ្រោះថ្នាក់ និងការញុះញង់ ក៏ដូចជាដោះស្រាយព័ត៌មានមិនពិតស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

គួរកត់សម្គាល់ កម្ពុជា-ថៃបានព្រមព្រៀងបទឈប់បាញ់ ដែលចាប់ផ្តើមកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃ បានសម្លាប់មនុស្សភាគីទាំងសងខាងយ៉ាងតិចចំនួន ៤៣នាក់ ក្រោយជម្លោះដ៏រ៉ាំរ៉ៃនៅប្រាសាទព្រំដែនដែលមានជម្លោះបានផ្ទុះឡើងឈានដល់ការប្រយុទ្ធគ្នានៅតំបន់ព្រំដែនមានប្រវែងប្រហែល ៨០០គីឡូម៉ែត្ររបស់ប្រទេសទាំងពីរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner