ភាគីថៃស្នើសុំផ្លាស់ប្ដូរទីតាំងកិច្ចប្រជុំ GBC ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ទៅធ្វើនៅប្រទេសម៉ាឡេស៊ី
ភាគីថៃស្នើសុំផ្លាស់ប្ដូរទីតាំងកិច្ចប្រជុំកិច្ចគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ទៅធ្វើនៅ ប្រទេសម៉ាឡេស៊ី វិញ។ នេះបើយោងតាមលិខិតឆ្លើយតបរបស់ឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឆ្លើយតបទៅនឹងលិខិតអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
គួររម្លឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើលិខិតអញ្ជើញឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ដើម្បីដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥៕
ដោយ៖ពលជ័យ




