សម្តេចតេជោ ស្នើស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ឲ្យបញ្ឈប់បន្ទាន់ក្នុងការអះអាងថា ខ្លួនបងប្អូនជីដូនមួយនឹងសម្តេចធិបតី
សម្តេចតេជោ បានអំពាវនាវដល់ស្រ្តីម្នាក់ឲ្យបញ្ឈប់ការអះអាងរបស់ខ្លួនបន្ទាន់ ដែលថា ខ្លួនគឺជាបងប្អូនជីដូនមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត ។ ការអំពាវនាវ បានធ្វើឡើងនៅល្ងាចថ្ងៃទី៣១ កក្កដា ២០២៥ នេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច និងបន្ទាប់មានវីដេអូស្រ្តីម្នាក់ ដោយមិនមានការបញ្ជាក់អត្តសញ្ញាណឡើយ ដែលបានអះអាងថា ស្រ្តីម្នាក់នោះមានម្តាយជាបងប្អូនបង្កើត មានឪពុកតែមួយ តែម្តាយផ្សេងគ្នាជាមួយសម្តេចកិត្តីព្រឹទ្ធបណ្ឌិត ។ ក្នុងសំណេរ អមជាមួយនឹងវីដេអូរបស់ស្រ្តីរួបនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីចេតនា មិនចង់ប្រើប្រាស់បណ្តាញទំនាក់ទំនងផ្លូវការរបស់សម្តេច ក្នុងការបកស្រាយរឿងផ្ទាល់ខ្លួនឡើយ ក្នុងខណៈពេលដែលប្រទេសជាតិកំពុងជួបការលំបាក ។ ប៉ុន្តែសម្តេចបានថ្លែងថា ប្រសិនបើសម្តេច មិនបកស្រាយ នោះនឹងអាចមានការភាន់ច្រឡំកើតឡើង ។
ក្នុងសំណេរសម្តេចតេជោ បានថ្លែងបកស្រាយពីសាវតារពិតថា « ក្មួយស្រីដែលនិយាយក្នុងវីដេអូនេះ បាននិយាយថា ជាបងប្អូនជីដូនមួយរបស់ ហ៊ុន ម៉ាណែត ដែលជាកូនប្រុសខ្ញុំ និងភរិយា។ ម៉ាណែត ជាចៅទី៦ ខាងឪពុកម្តាយខ្ញុំ និងជាចៅទី៤ ខាងឪពុកម្តាយក្មេកខ្ញុំ។ ទោះម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី តែម៉ាណែត គោរពឋានានុក្រមក្នុងចំណោម បងប្អូនជីដូនមួយរបស់គេ បានល្អណាស់។»
សម្តេចតេជោ បានបញ្ជាក់ថា ការលើកឡើងរបស់ស្រ្តីរូបនោះ បានប៉ះពាល់ដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប៉ះពាល់ដល់សម្តេចផ្ទាល់ និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថែមទៀតផង ដោយបង្ហាញពីភាពមិនទទួលខុសត្រូវ តាមរយៈការបោះបង់ចោលក្មួយបង្កើត ខណៈដែលបច្ចុប្បន្ននេះ ក្មួយបង្កើតស្ទើរទាំងអស់កំ ពុងហៅសម្តេចទាំងពីរថា ពុក និងម៉ែ ។ សម្តេចបានថ្លែងទៀតថា ប្រការដែលធ្ងន់ធ្ងរទៀតនោះ គឺបានប៉ះពាល់ដល់កិត្តិយសរបស់ឪពុកម្តាយក្មេករបស់សម្តេច ដែលពួកគាត់មានប្តីមួយ ប្រពន្ធមួយ ។ ប៉ុន្តែស្រ្តីរូបនោះ បែជានិយាយសំដៅថា ឪពុកក្មេករបស់សម្តេច មានប្រពន្ធពីរ ដោយប្រពន្ធមួយ ជាម្តាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រពន្ធមួយទៀត ជាម្តាយរបស់ស្រ្តីរូបនោះ ។
ក្នុងការស្នើឲ្យបញ្ឈប់សកម្មភាពនេះ សម្តេចតេជោបានថ្លែងទៅស្រ្តីរូបនោះថា «សូមក្មួយបញ្ឈប់ជាបន្ទាន់នូវការនិយាយបែបនេះបន្តទៀត៕»
