រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមតាមសំណូមពររដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ( GBC ) នៅប្រទេសម៉ាឡេស៊ី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតឆ្លើយតបទៅឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងសំណូមពរក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ ( GBC ) នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងអំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយបង្ហាញពីការយល់ព្រមតាមសំណូមពរ ។
ទន្ទឹមនឹងនេះ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការ សម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រារៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា សូមស្នើឱ្យមានតំណាង មកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ នេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ី ដែលដើរតួនាទីជាប្រធាន ប្តូរវេនអាស៊ាន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ទន្ទឹងរង់ចាំឱកាសជួបជាមួយឯកឧត្តម និងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយមិត្តភាព និងសហការ សំដៅ សម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី ៕
