លោក Trump ឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែនត្រឹមខែសីហានេះ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗថា លោកចង់បានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនត្រឹមថ្ងៃទី៨ ខែសីហា នេះបើតាមតំណាងអាមេរិកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៣១ ខែកក្កដា។

អ្នកការទូតជាន់ខ្ពស់អាមេរិក លោក John Kelley បានប្រាប់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន ១៥ប្រទេសថា ទាំងរុស្ស៊ី និងអ៊ុយក្រែន ត្រូវតែចរចាបទឈប់បាញ់ និងសន្តិភាពយូរអង្វែង។ វាដល់ពេលដែលត្រូវធ្វើកិច្ចព្រមព្រៀងហើយ។

លោកប្រធានាធិបតី ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា អាមេរិកនឹងចាប់ផ្តើមដាក់ពន្ធគយ និងវិធានការផ្សេងទៀតលើប្រទេសរុស្ស៊ី ពោលគឺ១០ថ្ងៃចាប់ពីថ្ងៃនេះ បើសិនទីក្រុងមូស្គូមិនបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។

ជាការឆ្លើយតប អគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បានប្រាប់ក្រុមប្រឹក្សានេះថា រុស្ស៊ីមានបំណងបន្តការចរចានៅអ៊ីស្តង់ប៊ុល ប៉ុន្តែលោកថា ទោះបីមានកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលក៏ដោយ នៅលោកខាងលិច ភាគីសង្រ្គាមមិនបានបញ្ឈប់ទេ។ ដូច្នេះការទូត គ្រាន់តែជាវិធីរិះគន់រុស្ស៊ី និងដាក់សម្ពាធទីក្រុងមូស្គូប៉ុណ្ណោះ។

បើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតរងអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ លោកស្រី Khrystyna Hayovyshyn បទឈប់បាញ់ពេញលេញភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ គឺជារឿងចាំបាច់។ វាជាជំហានដំបូងដើម្បីបញ្ឈប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

ឆ្នាំនេះ រុស្ស៊ី និង អ៊ុយក្រែនបាន ធ្វើ ការ ចរចាចំនួនបីលើក ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ហើយជាលទ្ធផលនោះ មានការដោះដូរឈ្លើយសឹក និងសាកសពទាហាន ប៉ុន្តែនៅតែគ្មានដំណោះស្រាយណាមួយ អអាចបញ្ចប់ជម្លោះអូសបន្លាយជាងបីឆ្នាំនោះទេ៕

ប្រភព ៖ The strait times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner