សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីនេប៉ាល់ជាផ្លូវការ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នៅកម្ពុជា
នៅម៉ោង១៧ ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯ,ឧ ខេភី សាម៉ា អូលី នាយករដ្ឋមន្រ្តីសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងលោកជំទាវ ជាផ្លូវការនៅវិមានសន្តិភាព បន្ទាប់បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ តបតាមការអញ្ជើញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ពិធីបដិសណ្ឋារកិច្ចស្វាគមន៍នាយករដ្ឋមន្ត្រីនេប៉ាល់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងអមដោយកងកិត្តិយស និងវត្តមានរួម នៃថ្នាក់ដឹកនាំក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងអង្គទូតប្រទេសជាមិត្តនានាប្រចាំកម្ពុជា ។
សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់ឯ,ឧ នាយករដ្ឋមន្ត្រីនេប៉ាល់នៅកម្ពុជា គឺចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ។ បន្ទាប់ពីអញ្ជើញមក ដល់ប្រទេសកម្ពុជា ឯ,ឧ ខេភី សាម៉ា អូលី និងលោកជំទាវ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ។
បន្ទាប់មក ឯ,ឧ នាយករដ្ឋមន្ត្រីនេប៉ាល់ បានអញ្ជើញមកដល់វិមានសន្តិភាព ជាទីដែលសម្តេចតេជោ ហ៊ុន សែន ធ្វើពិធីបដិសណ្ឋារកិច្ច និងទទួលជាផ្លូវការចំពោះដំណើរទស្សនកិច្ចនេះ។ បន្ទាប់ពីជួបសំណេះសំណាល និងជជែកលើការងារសំខាន់ៗហើយនោះ ក៏នឹងមានពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ ។ បន្ទាប់មកនៅពេលល្ងាច សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលាងសាយភោជន៍ជូនឯ,ឧ នាយករដ្ឋមន្ត្រីនេប៉ាល់ និងគណៈប្រតិភូផងដែរ ។
ដោយឡែក នៅទី១៤ ខែឧសភា ឯ,ឧ សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន និងឯ,ឧ សាម៉ា អូលី អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ ប្រមុខដឹកនាំទាំង២ នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯ,ឧ នាយករដ្ឋមន្ត្រីនេប៉ាល ក៏នឹងអញ្ជើញទៅទស្សនាទីកន្លែងប្រវត្តិសាស្ត្រ និងទីកន្លែងសំខាន់ៗមួយចំនួនទៀតនៅរាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចរបស់ឯ,ឧ នាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ ត្រូវបានរំពឹងថា ជាការរួមចំណែកពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំង២ ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។
ដ្បិតថាបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក្តី តែបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ (មានវិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា) ហើយនេប៉ាល់ ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ (មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ)។ នៅខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅនេប៉ាល់ ។
ពាក់ព័ន្ធផ្នែកវប្បធម៌វិញ រដ្ឋាភិបាលនេប៉ាល់ ដែលជាទឹកដីកំណើតរបស់ព្រះសម្មាសម្ពុទ្ធនោះ បានអនុញ្ញាតឱ្យកម្ពុជា សាងសង់វត្តមួយឈ្មោះ «លម្ពិនី» កាលពីឆ្នាំ២០០៦ ហើយនៅខែកុម្ភៈ ឆ្នាំ២០១៨ ឯ,ឧ ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តខ្មែរលម្ពិនីនេះ ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ចាប់ពីឆ្នាំ២០១៤ រហូតដល់រយៈពេល ៦ខែឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានជិត ១៧ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះកម្ពុជា នាំចេញទៅនេប៉ាល់មានជាង ១២ម៉ឺនដុល្លារ ហើយកម្ពុជា នាំចូលពីនេប៉ាល់មកវិញ មានជាង ៤ម៉ឺនដុល្លារ។ ទំនិញដែលដោះដូរជាមួយគ្នាភាគច្រើនជាសម្លៀកបំពាក់ និងវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ ៕